18/01/22 07:04 AM
សម្រួលផ្សាយ៖SR276
ពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្តពោធិ៍សាត់ បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋសូមបន្តពង្រឹងសាមគ្គីភាពជាមួយកាកបាទក្រហមកម្ពុជា ជារៀងដរាបដើម្បីបុព្វហេតុមនុស្សធម៌។
ការអំពាវនាវនេះធ្វើឡើងក្នុងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ ស្ម័គ្រចិត្តពេលនេះដើម្បីអនាគត របស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ។
ឯកឧត្តម ជាវ តាយ បានអាននូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងប្រធានបទខាងលើនេះមានគោលបំណងអំពាវនាវចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងចំពោះសាធារណ:ជន និងបងប្អូនជនរួមជាតិសូមបន្តចូលរួមឲ្យបានកាន់តែសកម្មថែមទៀតក្នុងការទទូលខុសត្រូវទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាប្រការចាំបាច់បំផុតក្នុងការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចជាតិឡើងវិញលើគ្រប់វិស័យ។
សម្តេចកិត្តិព្រិទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឍដ្ឋានដែលតែងតែផ្តល់ការជួយឧត្ថម្ភគាំទ្រតាមសទ្ធា ដោយការស្ម័គ្រចិត្តដល់ប្រតិបត្តិការ របស់កាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែង។
ឯកឧត្តម ជាវ តាយ បានបន្តថាក្រោមការដឹកនាំ និងតម្រង់ទិសប្រកបដោយគតិបណ្ឌិតដ៍ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងរយៈពេលមួយឆ្នាំនៃការបំពេញភារកិច្ចមនុស្សធម៌ ទាំងអ្នកស្ម័គ្រចិត្តយុវជន ទាំងក្រុមប្រតិបត្តិសាខា អនុសាខា ទូទាំងខេត្តពោធិ៍សាត់ ទោះបីជានៅមានចំណុចខ្វះខាតមួយចំនួនក្ដី ក៍បានបង្ហាញនូវការខិតខំប្រឹងប្រែង ការលះបង់ពេលវេលារបស់ខ្លួនដោយស្ម័គ្រចិត្ត ឆ្លងកាត់បទពិសោធន៍ជាច្រើន ពិសេសយើងទាំងអស់គ្នាបន្តអនុវត្តភារកិច្ចដ៍ឧត្តុងឧត្តមនេះឲ្យបានល្អប្រសើរក្នុងគោលបំណងរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងភាពងាយរងគ្រោះ។
ក្នុងឱកាសនោះឯកឧត្តមក៍បានប្រគល់ប័ណ្ណសរសើរ និងជូនថវិការម្នាក់ ៤០,០០០រៀល ដល់អ្នកស្ម័គ្រចិត្តទាំងអស់ផងដែរ ៕