20/01/22 03:09 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេស ចរណ៍អាស៊ានឆ្នាំ ២០២២ នាពេលនេះ តាមផ្លូវ គោក និងផ្លូវអាកាស ទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ-១៩ យ៉ាងណាក្ដី ។
ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួមសាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពរីកចម្រើនជូនប្រជាពលរដ្ឋ អាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន ជា "សហគមន៍តែមួយ វាសនាតែមួយ” ។
នេះជាប្រសាសន៏សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ក្រោមប្រធានបទ«អាស៊ាន៖ សហគមន៍សន្តិភាពនិងវាសនាតែមួយ» ខេត្តព្រះសីហនុ កាលពីថ្ងៃ១៨ ខែមករា ឆ្នាំ២០២២ ។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៏បញ្ជាក់ទៀតថា៖អស់រយៈពេល ២ ឆ្នាំមកហើយ ដែលវិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ មកលើសង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកចំនួនភ្ញៀវទេសចរ ទាំងក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល។ វិបត្តិនេះ ពិតជាធ្វើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ដើរថយក្រោយ ហើយដែលថ្នាក់ដឹកនាំទេសចរណ៍ ទាំងផ្នែក រដ្ឋ ឯកជន និងសហគមន៍អន្តរជាតិ ត្រូវគិតគូរឡើងវិញនូវនយោបាយអភិវឌ្ឍ គំរូធុរកិច្ចសមស្រប ក៏ដូចជាផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាបរិបទក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ច្បាស់ណាស់ថា វិស័យទេសចរណ៍នឹងត្រូវប្រឈមនិន្នាការថ្មីៗនៃតម្រូវការក្នុងការ អភិវឌ្ឍ សង្គម-សេដ្ឋកិច្ចឌីជីថល ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគិតគូរ កាន់ តែស៊ីជម្រៅដល់សុខភាពសាធារណៈជាសកល ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ ទោះជាយ៉ាងនេះក៏ដោយជាមួយនឹងភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាល កម្ពុជាបានគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រកប ដោយប្រសិទ្ធភាព ជាពិសេសតាមរយៈ ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំ សង្គម -សេដ្ឋកិច្ច នៅកម្ពុជាក្នុងឆ្នាំ ២០២១ ។
គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ កម្ពុជា សម្រេចបាននូវអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់ សាំងរហូតដល់ជាង ៨៩% និងដូសជំរុញបានជាង ២៥% នៃចំនួនប្រជាជនសរុប ប្រមាណ១៦ លាននាក់ ។ ការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជា សម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ។កម្ពុជាក៏បាន បើកទទួលស្វាគមន៍ទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ ដោយ មិនតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កឡើយ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ផងដែរ ។
ក្នុងគោលបំណងធានាឱ្យបាននូវប្រសិទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋា ភិបាលក៏សម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ ស្តីពីការរស់ នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពសម្រាប់ឆ្នាំ ២០២១ -២០២៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១។ ជាមួយគ្នានេះផងដែរ ក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១- ២០២៣ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ។
ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងអាស៊ានឱ្យកាន់តែប្រសើរឡើង ក៏ដូចជាគាំទ្រ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍តំបន់ ឆ្ពោះទៅអនាគត និងវិបុលភាពរួមស្របតាមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» និងឈរលើទស្សនៈវិស័យ "ការ គិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត"។
សូមបញ្ជាក់ថា-វេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ ក្រោមប្រធានបទ "អាស៊ាន៖ សហគមន៍ សន្តិភាព និងវាសនាតែមួយ" នៅខេត្តព្រះសីហនុនៃព្រះរាជា ណាចក្រកម្ពុជា ៕