20/01/22 03:23 AM
ដោយ៖SR276
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយ ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានអបអរសាទរកម្ពុជា ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលទទួលបានការតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកនូវទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ដែលត្រូវបាន បង្កើតឡើងដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស ឯកឧត្តម បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួរ៉ាម៉ាន់។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បន្ទាប់ពីការផ្លាស់ប្តូរទស្សនកិច្ច ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើឱ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាពង្រឹងការគាំទ្រទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព ភាពសុខដុម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់។ ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានសំណូមពរកម្ពុជាបន្តគាំទ្រសំណើរបស់បង់ក្លាដែស សុំធ្វើជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។
ឯកឧត្តម ក៏បានលើកពីបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាខាញ ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស និងបានអំពាវនាវឱ្យកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការនាំមកនូវដំណោះស្រាយប្រកបដោយនិរន្តរភាព ដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន ដោយ មានភាពរហ័ស សុវត្ថិភាព និងភាពថ្លៃថ្នូរ។
ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះបំណងរបស់បង់ក្លាដែស ចង់ក្លាយជាដៃគូសន្ទនាតាមវិស័យអាស៊ាន និងស្នើឱ្យបង់ក្លាដែសពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងតំបន់។ អំពីបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាខាញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន បន្តគាំទ្រការពង្រីកតួនាទីរបស់អាស៊ាន តាមរយៈអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសន្យានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តាមរយៈយន្តការអាស៊ាន ដើម្បីធានាដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ ក៏ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរដ្ឋរ៉ាខាញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា៕