20/01/22 03:58 AM
ប្រមុខការទូតអាមេរិកព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារលើអ៊ុយក្រែន គ្រប់ពេលវេលា
ដោយ៖SR276
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ី អាចនឹងធ្វើការឈ្លានពានលើអ៊ុយក្រែន គ្រប់ពេលវេលា ចំពេលមានភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
ការព្រមានខាងលើនេះរបស់អាមេរិក បានកើតមានឡើងក្នុងគ្រាដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន បានចេញដំណើរពីសហរដ្ឋអាមេរិកហើយ ដើម្បីទៅជួបសម្ព័ន្ធមិត្តអ៊ុយក្រែន និងអឺរ៉ុប មុននឹងត្រូវជួបជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក សឺហ្គៃ ឡាវរ៉ូវ នៅថ្ងៃសុក្រសប្តាហ៍នេះ។ ជំនួបទាំងនេះនឹងកើតមានឡើង ស្របពេលដែលកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ និងសព្វាវុធធុនធ្ងន់ជាច្រើនទៀត ត្រូវបានគេអះអាងថា កំពុងស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែនរួចជាស្រេច។
បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី ខ្ញុំជឿជាក់ថា ពេលនេះយើងកំពុងស្ថិតនៅចំណុចមួយ ដែលអាចមើលឃើញរុស្ស៊ីបើកការវាយប្រហារគ្រប់ពេលវេលាទៅលើអ៊ុយក្រែន… ពេលនេះ គឺច្បាស់លាស់ជាងពេលណាៗទាំងអស់។ លោកស្រីបន្ថែមថា សហរដ្ឋអាមេរិកត្រូវបានគេជូនដំណឹងថា រដ្ឋាភិបាលរុស្ស៊ីបាននិងរៀបចំជម្លៀសសមាជិកគ្រួសារអ្នកការទូតរុស្ស៊ីចេញពីអ៊ុយក្រែន កាលពីចុងខែធ្នូ ដល់ដើម ខែមករា ឆ្នាំ២០២២។
តែទោះបីជាយ៉ាងណា លោក ប្លីងគែន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការចរចាផ្លូវការទូត ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញការដាក់ពង្រាយយោធារុស្ស៊ី៕ ប្រភព៖ NHK