20/01/22 04:29 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងារជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរ ទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប៊ូយ ថាញ់សឺន បានជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងបានជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ជំនួបទ្វេភាគីរវាងឯកឧត្តម ប៊ូយ ថាញ់សឺន ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាក្នុងតំបន់។
ខណៈដែលឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា បន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា -វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។
សូមបញ្ជាក់ថា៖ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ៕