25/01/22 04:20 AM
សម្រួលផ្សាយ៖SR276
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត តំណាងខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ លោកនាយ នាយរងផ្នែក ។ ពិធីនេះ មានការប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចំនួន ១៦៩នាក់ និងបំពាក់ឋានន្តរសក្តិចំនួន ២៥៥នាក់ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានសម្តែងនូវការចូលរួមត្រេកអរចំពោះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល ដែលបានទទួលនូវការតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងបានកោតសរសើរដល់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលកន្លងមកមានការខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ច ការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ទោះក្នុងកាលទេសៈបែបណាក៏ដោយ ។
លោកស្នងការបានមានប្រសាសន៍ ជម្រុញការយកចិត្តទុកដាក់ និងឆន្ទៈបំពេញការងារបន្ថែមទៀត ដើម្បីឲ្យប្រតិបត្តិការរបស់កងកម្លាំងទទួលបានលទ្ធផលកាន់តែល្អប្រសើរ មានការគោរព ស្រលាញ់ និងជឿជាក់ ពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ លើកកិត្តិយសស្នងការដ្ឋាន និងជាពិសេសការទំនាក់ទំនងការងារល្អប្រសើររវាងកងកម្លាំងប្រដាប់អាវុធទាំងបី ។
លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍បន្ត ក្រើនរំលឹកដល់បងប្អូនកងកម្លាំងទាំងអស់ ពង្រឹងវិន័យ គោរពពេលវេលាធ្វើការឲ្យបានទៀងទាត់ ដាច់ខាតជៀសឲ្យឆ្ងាយពីការពាក់ព័ន្ធ ទទួលផល រាល់បទល្មើស ដែលបង្កឲ្យមូលដ្ឋាន អសន្តិសុខ បាត់បង់សណ្តាប់ធ្នាប់សង្គម ហើយនឹងត្រូវដាក់វិន័យឲ្យធ្ងន់ធ្ងរ ឬបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះបុគ្គលដែលប្រព្រឹត្តិ មិនស្របតាមការណែនាំ និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ របស់ប្រទេស ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក៏បានជូនពរដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឲ្យទទួលបានសុខភាពល្អ រីករាយក្នុងក្រុមគ្រួសារ ក្នុងឆ្នាំថ្មី និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម នាពេលខាងមុខ និងជៀសផុតនូវការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ព្រមទាំងបំពេញ តួនាទី ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ៕