29/01/22 03:22 AM
ពោធិ៍សាត់ៈ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្សតំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកថវិកា ចំនួន១២,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិចំនួន០២គ្រួសារ ក្នុងនោះថវិកាចំនួន០៦លានរៀលប្រគល់ជូនគ្រួសារសពលោក ជួប ដូង មន្រ្តីនគរបាលចូលនិវត្តន៍ និង០៦លានរៀលទៀត ប្រគល់ជូនគ្រួសារសពលោក ចឹក និត មន្រ្តីនគរបាលចូលនិវត្តន៍ ។ ពិធីប្រគល់នេះធ្វើឡើងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន និងនៅគេហដ្ឋាន របស់សមាជិកសមាគមមិត្តនគរបាលជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ បានសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព នឹងបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយសសមាគម ស.ម.ន ឯកឧត្តម នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគម ស.ម.ន ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសដូចនេះទើបឯកឧត្តមផ្តួចផ្តើមឲ្យមានសមាគមមិត្តនគរបាលជាតិនេះកើតឡើងក្នុងគោលបំណងជួយបង្កលក្ខណៈនិងជួយសម្រួលដល់ជីវភាពភរិយាឬស្វាមីមន្ត្រីនគរបាលទាំងអស់សម្រាប់ក្រុមគ្រួសារទុកធ្វើជាទុនប្រកបមុខរបររកស៊ីស្របច្បាប់ ចិញ្ចឹមគ្រួសារបន្តទៀត ។
លោកស្នងការរង មានប្រសាសន៍បន្តថា ថវិកាដែល បងស្រី បានទទួលនាពេលនេះ សូមយកទៅចាត់ចែងតាមសេចក្តីត្រូវការក្នុងក្រុមគ្រួសាររបស់ខ្លួនឲ្យចំគោលដៅដែលខ្លួនត្រូវការ ។ ហើយចំពោះការបាត់បង់សពសមាជិកសមាគមមិត្តនគរបាលជាតិ គឺជាការសោកស្តាយ ជាទីបំផុតដែលកន្លងមកពួកគាត់ទាំងពីរ បានចូលរួមចំណែកក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅ មូលដ្ឋានបានល្អប្រសើរ ៕