02/02/22 01:20 AM
(កំពង់ស្ពឺ)៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់ ផ្តាំផ្ញើសួរសុខទុក្ខ របស់មេបញ្ជាការកងទ័ពជើងគោក ចំពោះយោធាចារ្យ បុគ្គលិកសាលាទាំងអស់ ដោយបានផ្តល់ការឧបត្ថម្ភជាប្រចាំខែ ជូនសាលា និងយោធាចារ្យ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ ក៏បានរំលឹកបន្ថែមដល់យោធាចារ្យ ត្រូវយកចិត្តទុកដាក់ បន្តចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយនៅបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោឲ្យបានដាច់ខាត។
យោធាចារ្យទាំងអស់មានសេចក្តីរីករាយ ប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានជោគជ័យ និងប្រកាសគាំទ្របេក្ខភាព នាយឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ពលទាហានទាំងអស់នាពេលនេះ៕