ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១ភូមិ គឺភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល


ត្រលប់ក្រោយ

08/02/22 02:18 AM

ចំនួនទស្សនា៖

391

ប្រភព៖

កណ្ដាល

ខេត្តកណ្តាល៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានក្បាលដីសរុប៧១៨ក្បាលដី។  


លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានឲ្យយដឹងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីឲ្យប្រជាពលរដ្ឋមកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឲ្យយបានត្រឹមត្រូវ ប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើររើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យជាដើម ។


លោកបានបញ្ជាក់ទៀតថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈប្រព័ន្ធនៅក្នុងភូមិព្រៃធំ នាពេលនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន ។


ថ្លែងក្នុងពិធីនោះដែរលោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា៖ ការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។


លោកអភិបាលរងស្រុក បានសំណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្ករលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។


លោក ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសូមជួយបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកពិនិត្យអោយបានគ្រប់ៗគ្នាចៀសវាងដល់ថ្ងៃចេញបណ្ណ័សំគាល់ម្ចាស់អចលនវត្ថុ ហើយទើបមានបណ្ដឹងឲ្យយដោះស្រាយ នាំឲ្យយលំបាកដល់ក្រុមការងារ៕




dd
Bottom Ad