08/02/22 03:02 AM
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងជូនរង្វាន់ជ័យលាភីដល់សិស្សានុសិស្សក្នុងក្រុងពោធិ៍សាត់ ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំសិក្សា២០២០-២០២១)ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់។
លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ទូទាំងខេត្តសរុបមានចំនួន ៣,២៤០នាក់ ប្រឡងជាប់ ១,៨៩១នាក់ ។ ដោយឡែក នៅក្រុងពោធិ៍សាត់សិស្សប្រឡងជាប់មានចំនួន៣០៨នាក់ ក្នុងនោះនិន្ទេសAចំនួន០៧នាក់, និន្ទេសB. ៣២នាក់, និន្ទេសC. ៤៧នាក់, និន្ទេសD. ៨១នាក់ និងនិន្ទេសE.ចំនួន១៣៣នាក់។
ឯកឧត្តម ជាវ តាយ បានអបអរសាទរចំពោះក្មួយៗសិស្សានុសិស្សទូទាំងខេត្តពោធិ៍សាត់ ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១នាពេលនេះ។ លទ្ធផលដែលសម្រេចបានទាំងនេះ អាស្រ័យដោយការយកចិត្តទុកដាក់របស់ក្មួយៗផ្ទាល់ ក៍ដូចជាការជួយជ្រោមជ្រែងពីឪពុកម្ដាយ អាណាព្យាបាល ព្រមទាំងការជួយគាំទ្ររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។ កន្លងមករាជរដ្ឋាភិបាលបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យអប់រំ ក្នុងការកសាងធនធានមនុស្សដែលជាវិស័យអាទិភាព និងបានយកចិត្តទុកដាក់ដល់សិស្សជួបការលំបាក សិស្សមកពីគ្រួសារក្រីក្រ និងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគ្រាឆ្លងដ៍សែនលំបាកបំផុតនៃការរាលដាលជំងឺកូវីដ-១៩ ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ៗរូប។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ពន័្ធ លោកគ្រូអ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការជម្រុញនិងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ។ ការរៀននិងបង្រៀនពីចម្ងាយតាមរយៈទូរទស្សន៍ក្ដី តាមយូធូប និងការចុះបង្រៀនដល់ផ្ទះពីសំណាក់លោកគ្រូអ្នកគ្រូ គឺជាការលះបង់ដ៍ខ្លាំងបំផុតដែលធ្វើឲ្យក្មួយៗសិស្សានុសិស្ស ក្លាយជាប្រជាពលរដ្ឋ ជាសសរទ្រូងរឹងមាំ សម្រាប់ប្រទេសជាតិយើងនាពេលអនាគត។ ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមូលដ្ឋានខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាជាតិ ដែលមានសម្តចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម នៅតែចាត់ទុកវិស័យទាំងបួន (មនុស្ស ទឹក ផ្លូវ ភ្លើង)ជាអាទិភាពដដែល ដោយបានកំណត់យកធនធានមនុស្ស ជាអាទិភាពទី១។
សិស្សានុសិស្សក្នុងក្រុងពោធិ៍សាត់ទាំង៣០៨នាក់ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានការលើកទឹកចិត្តពីរដ្ឋបាលខេត្តពោធិ៍សាត់នាពេលនេះ ក្នុងនោះនិទ្ទេសAមានចំនួន០៧នាក់ ម្នាក់ៗទទួលបានថវិកា ០២លានរៀល, និន្ទេសB. ៣២នាក់ម្នាក់ៗទទួលបាន៤០ម៉ឺនរៀល និងនិន្ទេសC D E សរុប២៦១នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ចំណែកលោកគ្រូ អ្នកគ្រូនិងបុគ្គលិកសិក្សាចំនូន៦៣នាក់ ម្មាក់ៗក៍ទទូលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ថា ថវិកាដែលរដ្ឋបាលខេត្តផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក្នុងពិធីនេះសរុបអស់ជាង៥៨លានរៀល។