09/02/22 04:33 AM
ព្រះវិហារ៖ ក្រុមការងារចាក់វ៉ាក់សាំងទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៌ទាំង៣ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ម្ជុលទី៤ ដូសជំរុញជូនកងទ័ពនិងក្រុមគ្រួសារកងទ័ព ។
ក្រោមការដឹកនាំបញ្ជាររួម របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចការក្រសួងការពារជាតិ អគ្គបញ្ជារ និងបទបញ្ជា មេបញ្ជាការ កងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំង កងពលធំអន្តរាគមន៍លេខ៣ និងក្រុមគ្រូពេទ្យ កងពលតូចអន្តរាគមន៍ចំណុះទាំង៣ ទទួលខុសត្រូវក្នុងការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៤នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនកងទ័ព និងគ្រួសារកងទ័ព បានចាក់វ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នា។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានមានប្រសាសន៌ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងទ័ព និងគ្រួសារកងទ័ព បានចាប់ផ្តើមដំណើរការចាក់ចាប់ពីថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នេះតទៅ។ ការចាក់វ៉ាក់សាំងបានដំណើរការទៅដោយរលូន លទ្ធផលទទួលបានល្អប្រសើរ ដោយមានការសហការល្អរវាងក្រុមការងារ ព្រមទាំងការចូលរួម និងការយល់ដឹងរបស់កងទ័ព និងគ្រួសារកងទ័ព អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថាពិតជាមានសារៈសំខាន់ណាស់ចំពោះខ្លួននិង ក្រុមគ្រួសារ និងសង្គមជាតិ ដើម្បីចាកផុតពីមេរោគរាតត្បាតដ៏កាចសាហាវនេះ ។
នៅក្នុងឱកាសនោះដែរ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៌លេខ៣ ព្រមទាំងកងពល និងគ្រួសារកងទ័ពទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងជាបន្តបន្ទាប់ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕