មន្ទីរធម្មការ និងសាសនាខេត្តខេត្តបន្ទាយមានជ័យ ព្រមទាំង ព្រះមន្ត្រីសង្ឃខេត្ត បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីការរៀបចំកម្មវិធីបុណ្យមាឃបូជា


ត្រលប់ក្រោយ

11/02/22 02:53 AM

ចំនួនទស្សនា៖

481

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ មន្ទីរធម្មការនិងសាសនាខេត្ត និងព្រះមន្ត្រីសង្ឃខេត្ត ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២ បានបើកកិច្ចប្រជុំបន្ទាន់មួយស្ដីពីការរៀបចំកម្មវិធីបុណ្យមាឃបូជា នៅសាលាពុទ្ធិកវិទ្យាល័យសម្ដេច ជា ស៊ីម ក្នុងបរិវេណវត្តចមសុទ្ធាវាស (វត្តស្វាយចាស់) ក្នុងក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ ដើម្បីបង្កើតគណៈកម្មការអនុគណៈកម្មការផ្សព្វផ្សាយ អនុសំវច្ចរៈមហាសន្និបាតព្រះមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី២៩ ត្រូវបានកំណត់នា ថ្ងៃទី១៨- ១៩ និងថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២២ខាងមុខនេះ ដែលប្រារព្ធធ្វើនៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ 


លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ផងដែរថា៖ យោងលិខិតលេខ០១ /២០២២ គជបអ ចុះថ្ងៃទី១០ ខែមករាឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិអន្តរជាតិ និងសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្ដីពីការរៀបចំបុណ្យមាឃបូជាដែលត្រូវធ្វើការប្រារព្ធឡើងនាថ្ងៃទី១៦-១៧ ខែកុម្ភៈឆ្នាំ ២០២២ នេះ។

លោក បៀវ ថាន បន្តថា៖ បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនាហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខកខានដែលពិធីនេះ ប្រារព្ធឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យ ដែលប្រាកដដោយគុណតម្លៃដ៏មហាអស្ចារ្យកើតឡើងនៅថ្ងៃពេញបូណ៌មីខែមាឃ គឺថ្ងៃប្រជុំចតុរង្គសន្និបាតសម្ដែងឱវាទបដិមោក្ខ និងថ្ងៃដែលព្រះអង្គប្រជុំប្រកាសដាក់កំណត់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំពុទ្ធសាសនិកជនខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅថ្នាក់ជាតិ និងគ្រប់វត្តទូទាំងប្រទេសដោយចាត់ទុកថាជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុតនឹងធ្វើនូវកត្តញ្ញូកត្តវេទីដល់ព្រះសាស្ដាបរមគ្រូ។


ផ្សារភ្ជាប់នៃកិច្ចប្រជុំនេះ អង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់ថាអង្គការ FRA ប្រចាំកម្ពុជាបានប្រគេនជាសៀវភៅសម្រាប់ការសិក្សារបស់សមណសិស្សពុទ្ធិកបឋមសិក្សាចំនួន៤០សាលាដែលនិមន្តមកពីបណ្ដាស្រុក-ក្រុង។


ជាមួយគ្នានោះដេរ លោក បៀវ ថាន ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការហ្រ្វា រស់នៅកោះតៃវ៉ាន់ដែលជានិច្ចកាលអង្គការនេះតែងតែជួយផ្គត់ផ្គង់រាល់អំណោយសម្ភារៈសិក្សាជាច្រើន ជាពិសេសបានជួយឧបត្ថម្ភជាអង្ករ មី ត្រីខ ដល់ព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋទីទាល់ក្រក្នុងអំឡុងកាលៈទេសៈកូវីដ១៩៕


dd
Bottom Ad