14/02/22 03:35 AM
សម្រួលផ្សាយ៖SR276
តាកែវ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២ នេះបានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានវ័យជាង៧០ឆ្នាំហើយ ព្រមទាំងបានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពានពីបរទេស, ការសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពត, ការដាក់ចេញនូវបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ដោយបាននាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជានារយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ ហើយថ្មីនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ-១៩ យ៉ាងជាក់ស្តែងពិតប្រាកដ ប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោចស្រពវ៉ាក់ការពារជូនប្រជាជនយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី តម្កល់ការសង្រ្គោះជីវិតប្រជាពលរដ្ឋជាកត្តាអាទិភាពចាំបាច់ខ្ពស់បំផុត ដែលនេះគឺជាសច្ចធម៌ពុំអាចប្រកែកបាន និងជាគុណូបការៈដ៏ធំធេងប្រកបដោយភាពជាអ្នកដឹកនាំគំរូ មានបទពិសោធន៍ជាក់ស្តែង ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅកាន់វឌ្ឍនភាព សុខសន្តិភាព ភាពសម្បូណ៌សប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។ នៅពេលប្រជាជនជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រកប្រជាជនដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោលប្រជាពលរដ្ឋឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានផ្ញើសារក្រើនរំលឹកសូមឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងកសាងនិងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកឱ្យយុវជនបន្តវេនជំនាន់ក្រោយៗទៀត។
ទន្ទឹមនឹងនេះ សូមបន្តធ្វើការលើកកម្ពស់សមត្ថភាព ប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕



