14/02/22 04:51 AM
(តាកែវ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងអំពាវនាវ ទៅដល់កម្លាំងកងទ័ពទាំងអស់ ត្រូវបន្តថែរក្សា និងការពារសុខសន្តិភាព នេះ ឱ្យបានស្ថិតស្ថេរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែប្តូរផ្តាច់ការពារឱ្យខានតែបាន ដោយមិនឱ្យអ្នកណាម្នាក់ ឬក្រុមអ្នកនយោបាយរត់ចោលស្រុកមួយចំនួន មកបំផ្លាញ់សន្តិភាពនេះបានឡើយ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អាគារទីបញ្ជាការ សមិទ្ធផលនានា និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងបំពាក់ឋានន្តរស័ក្ត ជូននាយទាហានក្នុងតំបន់ប្រតិបិត្តការសឹករងតាកែវ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះ ទម្រាំយើងរកបាននៅក្នុងដៃនេះមិនងាយស្រួលនោះទេ ហើយតម្លៃសន្តិភាពនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានឡើយនៅក្នុងប្រទេស របស់យើង។ ប៉ុន្តែអ្នកនយោបាយ មួយចំនួន នៅតែបន្តចង់មកបំផ្លាញសន្តិភាពនេះ និងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់នេះ ពិសេសនៅតែបន្តឱ្យបរទេសដាក់ទណ្ឌកម្មមកលើ ប្រជាជន និងប្រទេសកម្ពុជា របស់យើងដដែល។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកបន្តថា សកម្មភាព និងគ្រប់ទង្វើរបស់ក្រុមអ្នកនយោបាយ របស់ក្រុមសមរង្ស៊ី នេះ បង្ហាញយ៉ាងច្បាស់ណាស់ថា គេនៅតែចង់ដណ្តើមអំណាចបើទោះបីជាត្រូវលះបង់អ្វីៗក៏ដោយ ដូច្នោះយើងត្រូវតែប្រឆាំង និងរួបរួមគ្នាការពារ មិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយ មួយក្តាប់តូច មកបំផ្លាញ់សន្តិភាពនេះបានឡើយ ត្រូវតែការពារ។ហើយ សន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោយការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយអ្វីដែលយើងត្រូវធ្វើបន្តនៅថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត់ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ សូមជឿទុកជាក់ និងបន្តគាំទ្រលើរាជរដ្ឋាភិបាល របស់យើង ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើន ខ្លាំងថែមទៀត៕



