18/02/22 01:26 AM
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អេង លី ហួរ ស្នងការរង ទទួលផែនការងារ គ្រប់គ្រងជនអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ការគ្រប់គ្រងជនអន្តោប្រវេសន៍ យោងតាមមាត្រាលេខទី១៨ នៃច្បាប់ស្តីអន្តោប្រវេសន៍ ចំពោះជនបរទេសចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក ក្នុងមូលដ្ឋាននៃខេត្តបន្ទាយមានជ័យយើងនេះ គឺមិនឲ្យលើសពីរយៈពេល២៤ម៉ោងនោះទេ គឺត្រូវរាយការណ៍ជាបន្ទាន់។ ប៉ុន្តែបច្ចុប្បន្ននេះ ដើម្បីភាពងាយស្រួល អគ្គនាយកដ្ឋានគ្រប់គ្រងជនអន្តោប្រវេសន៍ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គ្រប់គ្រងសន្តិសុខ ភូមិ ឃុំ សង្កាត់ មួយបានកាន់តែល្អ ក្នុងនោះក៏មានកត្តា៤យ៉ាងគឺ៖ទី១/-ការគ្រប់គ្រងមនុស្ស, ទី២/-គ្រប់គ្រងមធ្យោបាយសម្ភារ, ទី៣/-ការគ្រប់គ្រងមុខរបរ និង ទី៤/-ការគ្រប់គញរងដោយប្រព័ន្ធបច្ចេកវិទ្យា គឺការគ្រប់គ្រងដោយសុវត្ថិភាព។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ស្នងការរង ក្នុងឱកាសដែលស្នងការដ្ឋានរៀបចំប្រជុំផ្សព្វផ្សាយ ស្តីពីការបង្កើតប្រព័ន្ធ( FPCS ) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យជំនាញ ក្នុងផែនការងារគ្រប់គ្រងជនអន្តោប្រវេសន៍ លោកអធិការ លោកអធិការរង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៥ ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ការគ្រប់គ្រងនោះ គឺគ្រប់គ្រងសញ្ញាតិខ្លួនឯង និងសញ្ញាតិអ្នកដទៃ ពីអត្តសញ្ញាណ សម្ភារប្រើប្រាស់ មធ្យោបាយ ដើម្បីឲ្យយើងគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់បានល្អនោះគឺគ្រប់គ្រងនូវមុខរបរ។ ចំពោះការបង្កើតប្រព័ន្ធ ( FPCS ) គឺទី១/-នគរបាលគ្រប់គ្រងប្រព័ន្ធ( FPCS ), ទី២/-ការគ្រប់គ្រងម្ចាស់សណ្ឋាគារ ម្ចាស់គ្រឹៈស្ថាន ម្ចាស់ភោជនីយដ្ឋាន ម្ចាស់មីក្រូហរិញ្ញវត្ថុ និងត្រូវឲ្យមានបង្កើតប្រព័ន្ធ ( FPCS )នេះផងដែរ ដើម្បីឲ្យងាយស្រួលការតាមដានរបស់យើង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងយើងគ្រប់គ្រងជនជាតិខ្លួនហើយ គឹត្រូវគ្រប់គ្រងជនជាតិដទៃ ដោយធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋាន តាមរយៈការគ្របគ្រងតាមរយៈបច្ចេកវិទ្យាគឺប្រព័ន្ធ ( FPCS )នេះ។ ដូច្នេះ អស់លោកបន្ទាប់ពីទទួលបានការផ្សព្វផ្សាយពីគ្រូបង្គោលនេះ ស្តីពីការបង្កើតប្រព័ន្ធ ( FPCS ) គឺត្រូវបង្កើតឲ្យបាន បើមានកន្លែងណាមិនយល់ត្រូវសួរមកគ្រូបង្គោល ដើម្បីឲ្យមានប្រព័ន្ធ ( FPCS ) គ្រប់ៗគ្នា ងាយស្រួលក្នុងគ្រប់គ្រងជនបរទេស ដែលបានចូលមកស្នាក់នៅ ឬធ្វើការនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ។
ជាចុងក្រោយ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានណែនាំដល់គ្រប់ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវថែរក្សាសុខភាព ការពារកុំឲ្យមានការឆ្លងរាលជម្ងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដោយបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕


