រំភើបជំនួស! ភរិយាអតីតកំពូលតារាភាពយន្តល្បីឈ្មោះក្នុងទសវត្ស៦០ ណុប ណែម សម្រេចបំណងក្នុងជីវិតចុងក្រោយហើយ


ត្រលប់ក្រោយ

18/02/22 10:13 AM

ចំនួនទស្សនា៖

535

ប្រភព៖

កំពង់ស្ពឺ


ពិតជារឿងមួយគួរឲ្យអបអរសាទរត្រេកអរ ព្រោះនៅទីបំផុតទៅអតីតតារាសម្តែង៥ជំនាន់លោកស្រី ដួង តារា ដែលជាភរិយាតារាភាពយន្តល្បីឈ្មោះក្នុងទសវត្ស៦០លោក ណុប ណែម បានសម្រេចក្តីប្រាថ្នាចុងក្រោយនៃជីវិតរបស់អ្នកស្រីហើយ។

បំណងប្រាថ្នារបស់អតីតតារាសម្ដែងល្បីឈ្មោះ៥ជំនាន់អ្នកស្រី ដួង តារា គឺចង់បានទីជម្រកថ្មីសមរម្យមួយសម្រាប់រស់នៅ ក្នុងពេលដែលអ្នកស្រីបានក្លាយជាទុរគតជនរស់នៅក្នុងជីវភាពក្រីក្រលំបាក គ្មានទីពឹងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ពេលនេះអតីតតារាសម្ដែងល្បីឈ្មោះខាងលើបានសមបំណងប្រាថ្នាហើយ ដោយបានទទួលផ្ទះថ្មីមួយសម្រាប់រស់នៅ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ ដែលពិធីប្រគល់ និងទទួលធ្វើឡើងកាលពីម្សិលមិញ។


បើយោងតាមរយៈផេកហ្វេសប៊ុករបស់អភិបាលខេត្តកំពង់ស្ពឺ ផ្ទះថ្មមួយខ្នងជាអំណោយដ៏មហាសប្បុរសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកយាយ ដួង ដារា ណុប ណែម ដែលជាទុរគតជន រស់នៅជាមួយបងប្អូនប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះរាប់អានដូចជាជីដូនបង្កើត។

ទោះបីជាយ៉ាងណា ផ្ទះសាងសង់ថ្មីនេះ ដែលមានទំហំ ៥ គុណនឹង ១០ ម៉ែត្រ មានបន្ទប់សម្រាក ផ្ទះបាយ និងសំយ៉ាបផ្ទះ សម្រាប់លោកយាយអង្គុយលេងទៀតផង នឹងបង្កលក្ខណៈដល់លោកយាយ ដួង តារា អាចរស់នៅបានយ៉ាងសុខសាន្តតទៅ។

គួរបញ្ជាក់ថា អតីតតារាសម្តែង៥ជំនាន់ លោកស្រី ដួង តារា ណុបណែម បាននិងកំពុងរស់នៅក្នុងជីវភាពលំបាកខ្លាំងដោយខ្វះទីពឹង សព្វថ្ងៃកំពុងតែរស់នៅជាមួយចៅស្រីក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅក្នុងតំបន់ក្រុង នាខេត្តកំពង់ស្ពឺ។ លោកស្រី ដួង តារា ណុប ណែម បច្ចុប្បន្នមានអាយុ៨២ឆ្នាំ ហើយកំពុងរស់នៅក្នុងជីវភាពខ្វះខាត លំបាកជាខ្លាំង ខណៈដែលមិត្តសិល្បករដូចគ្នា និងមហាជនបានបាត់ដំណឹងឈឹង ក្រោយពេលដែលលោកយាយធ្លាក់ខ្លួនឈឺ មិនអាចបម្រើសិល្បៈបាន ហើយជីវិតលោកយាយកាន់តែដុនដាបទៅៗ ក្រោយពីកូនស្រីបង្កើតជាទីពឹងតែ១គត់ ក៏បានលាចាកលោកទៅដោយសារជំងឺមហារីក។


ហើយជីវិតកាន់តែលំបាកទៅទៀតនោះ លោកយាយធ្លាក់ខ្លួនរស់នៅជាមួយអ្នកសប្បុរសម្នាក់ដែលរាប់អានគ្នាតាំងពីក្នុងរបបខ្មែរក្រហម ហើយបន្ទុកគ្រួសារក៏បានធ្លាក់ទៅលើចៅស្រីតែ១គត់ ដែលកំពុងជាប់សិក្សានៅឡើយ។

អតីតតារាសម្តែង៥ជំនាន់រូបនេះ ឈ្មោះពិត (សម នួនចិន្តា) ហៅ ដួង តារា និងជាភរិយាទី១ របស់អតីតតារាសម្តែងប្រុសល្បីនាទសវត្សរ៍ទី៦០ គឺលោកតា ណុប ណែម។ ចំណែកខ្សែភាពយន្តដែលលោកយាយ ដួង តារា ធ្លាប់សម្តែងនោះ រួមមានដូចជា ៖ រឿង «សព្វសិទ្ធិ» រឿង «លោហិតវាសនា» រឿង «ប្រហារដួងចិត្ត» រឿង «តិកឆេង» រឿង «ស៊ីយិនគុយ» និងរឿង «កន្សែងស្លាដក់» ជាដើម។

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមព្រះសុរិយា និងក្រុមហ៊ុនបុរីថាវសុជាតិ បាននាំយកថវិកា និងគ្រឿងឧបភោគមួយចំនួនទៅជូនលោកយាយ ដួង តារា ហើយតាមរយៈការបង្ហោះផ្សព្វផ្សាយ ក៏លេចឮព័ត៍មាននេះទៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចក៏បញ្ជារឲ្យលោកអភិបាលខេត្តកំពង់ស្ពឺរកដី និងសង់ផ្ទះជូនលោកយាយតែម្តង៕


dd
Bottom Ad