ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ” ជាផ្លូវការ


ត្រលប់ក្រោយ

22/02/22 09:52 AM

ចំនួនទស្សនា៖

620

ប្រភព៖

ព្រះវិហារ

ព្រះវិហារ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ” ជាផ្លូវការ ដែលជាទ្រព្យកម្មសិទ្ធិបញ្ញារួម សម្រាប់បម្រើផលប្រយោជន៍របស់សមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។ ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការធានាផ្លូវច្បាប់ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល “អង្ករព្រះវិហារ” បង្កើនកេរ្តិ៍ឈ្មោះ “អង្ករព្រះវិហារ” និងជំនឿទំនុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ។  


ពិធីសម្ភោធម៉ាកសមូហភាព “អង្ករព្រះវិហារ” បានប្រារព្វឡើងក្រោមអធិបតីរបស់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានចូលរួមពី ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ មន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះវិហារ អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យគ្មានព្រំដែន (AVSF) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ម៉ោង ស៊ីដេត តំណាងរបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងតំណាងមកពីវិស័យឯកជន ក្រុមហ៊ុន សមាគមន៍ សហគមន៍ និងក្រុមអ្នកផលិតផងដែរ។


ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងដៃគូអភិវឌ្ឍន៍ បានបន្តការគាំទ្រទាំងហិរញ្ញវត្ថុ និងឧបករណ៍កែច្នៃ ដូចជា៖ ម៉ាស៊ីនកិនស្រូវខ្នាតតូច ម៉ាស៊ីនចាប់គ្រួស ឬថ្ម ម៉ាស៊ីនញ៉ែកគ្រាប់អង្ករ និងឧបករណ៍ផ្សេងៗ ព្រមទាំងពង្រឹងសមត្ថភាពការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងបច្ចេកទេសកែច្នៃដល់សហគមន៍កសិកម្មចំនួន ១៣ ក្នុងស្រុកចំនួន ៦ គឺ៖ ស្រុកឆែប ស្រុកជ័យសែន ស្រុកជាំក្សាន្ត ស្រុកគូលេន ស្រុកត្បែងមានជ័យ និងស្រុករវៀង ក្នុងខេត្តព្រះវិហារ ព្រមទាំងរៀបចំកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” និងការស្វែងរកទីផ្សារ “អង្ករព្រះវិហារ” ផងដែរ។


ឯកឧត្តមបន្តថា គោលបំណងនៃការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” គឺដើម្បី៖

១- ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាកសមូហភាព ក្រោមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅលើទីផ្សារជាតិ និងអន្តរជាតិ

២- អភិរក្សចំណេះដឹង-ចំណេះធ្វើតាមបែបប្រពៃណីរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំចងក្រងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ”

៣- ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដាំដុះ និងទាក់ទាញភ្ញៀវទេសចរ

៤- លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសមូហភាព “អង្ករព្រះវិហារ”

៥- បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។


ម៉ាកសមូហភាព “អង្ករព្រះវិហារ” មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សហភាពសហគមន៍ក្នុងខេត្តព្រះវិហារតែមួយប៉ុណ្ណោះទេ ប៉ុន្តែម៉ាកសមូហភាពនេះ នឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ៕



dd
Bottom Ad