23/02/22 05:14 AM
បន្ទាយមានជ៧យ៖ សេវាសុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារនិងការផ្ដល់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ នេះគឺជាប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២២ កុម្ភៈ ២០២២ ដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធី និងបានចែកជូននូវអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារតូចនៅក្នុងស្រុកម៉ាឡៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារនេះផងដែរ លោកជំទាវ ឆាន់ច័ន្ទ សោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអាននូវសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារនាឆ្នាំ២០២២ នេះ ដែលមានខ្លឹមសារសំខាន់បញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សកលលោកទាំងមូល ក្នុងនោះរួមទាំងព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាតនៃមេរោគកូវីដ-១៩ មកលើវិស័យជាច្រើន ជាពិសេសការយាយីដល់អាយុជីវិតមនុស្ស។ ដោយឡែកក្នុងវិស័យសុខភាពវិញ តាមឯកសាររបស់អង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះបានឲ្យដឹងថា នៅតាមប្រទេសមួយចំនួន ជំងឺកូវីដ-១៩ បានកាត់ផ្ដាច់សេវាកម្មសុខភាពជាសារវ័ន្ត ព្រមទាំងសេវាកម្មសុខភាពមាតា ទារកនិងកុមារផងដែរ។ ការកាត់ផ្ដាច់ការទទួលបាននូវសេវានេះ បណ្ដាលមកពីមូលហេតុចម្បង២គឺ ទី១/- កង្វះខាតអ្នកផ្ដល់សេវាសុខាភិបាលព្រោះបុគ្គលិកសុខាភិបាល និងគ្រូពេទ្យជាប់ដៃមមាញឹកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩។ ទី២/-គឺការបិទខ្ទប់នៅនឹងកន្លែង ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាមិនអាចទៅទទួលសេវាពិនិត្យ ថែទាំសុខភាពបាន។ ដោយសារមូលហេតុចម្បងទាំង២នេះហើយ ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះជួបផលវិបាកផ្នែកសម្ភោព បង្កការលំបាកក្នុងការជួយសង្គ្រោះអាយុជីវិតមាតានិងទារក។
ថ្លែងនាឱកាសនោះ លោកជំទាវ ឆាន់ច័ន្ទ សោភា បញ្ជាក់ថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ នេះគឺតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ហើយក៏សូមធ្វើការអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬ ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់ តាមពេលវេលាដែលគ្រូពេទ្យបានធ្វើការណែនាំ និងសូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឬឆ្មបជំនាញដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។
សូមបញ្ជាក់ សម្ភារដែលបានចែកជូនដល់ស្ត្រីមានផ្ទៃពោះ ទារក និងកុមារតូចក្នុងមួយនាក់ៗទទួលបាន អង្ករ ១០ គីឡូក្រាម, ត្រីខ ១០ កំប៉ុង, មី០១កេស, ទឹកសណ្ដែក០២យួរ ស្ករស ០២ គីឡូក្រាម កន្សែងពោះគោធំ០១, ខោអាវ០២ឈុត, សាប៊ូកក់សក់កូនង៉ា០១ដប, ទឹកដោះគោខាប់០២កំប៉ុង ,ម្សៅកូនង៉ា០១ដប ,អាវយឺត០៥អាវ ,ទឹកជែលលាងសំអាតដៃ០២ដបនិងថវិកាមួយចំនួន៕ ណុប-រក្សា



