រដ្ឋបាលខេត្តបន្ទាយមានជ័យ បើវគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ សម្ភាសន៍ មានសារៈសំខាន់ ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២


ត្រលប់ក្រោយ

23/02/22 07:36 AM

ចំនួនទស្សនា៖

616

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីត្រួតពិនិត្យ និងសម្ភាសន៍ ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អោម ចន្ថា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកជំទាវ ព្រំ ស៊ីណា ទីប្រឹក្សាក្រសួងផែនការ ជាប្រធានមន្ទីរផែនការខេត្ត ឯកឧត្តម រស់ វិរិយធន អាគារធិការនៃក្រសួងផែនការ និងជាមន្ត្រីតំបន់ ព្រមទាំអអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននិងសិក្ខាកាមមកពីបណ្តាក្រុង ស្រុក ក្នុងខេត្ត។



លោកស្រី ព្រំ ស៊ីណា បានថ្លែងថា៖ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់បំផុត ដែលមានមន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ រួមប្រមាណ២៤៩នាក់ចូលរួម។ វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់លើវិធីសាស្ត្រនៃការសម្ភាសន៍ប្រមូលទិន្នន័យអង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទ គ្រប់ទំហំខ្នាតអាជីវកម្មទាំងអស់។ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងធ្វើការបង្ហាត់បង្រៀនមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍នៅថ្ងៃនេះ ហើយនឹងត្រូវចុះប្រតិបត្តិការជំរឿនអង្គភាពសេដ្ឋកិច្ចទាំងអស់នៅតាមគោលដៅទីតាំងមូលដ្ឋាននៃតាមបណ្ដាស្រុក-ក្រុងទាំងអស់ឲ្យទទួលបានជោគជ័យ។ ជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់មិនអាចខ្វះបានដើម្បីឆ្លើយតបសេចក្ដីត្រូវការទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់របស់ក្រសួងស្ថាប័ន អង្គការជាតិ និងអង្គការអន្តរជាតិនានា សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ជាពិសេស គឺជាសូចនាករសំខាន់សម្រាប់ដឹកនាំការតាមដានវាយតម្លៃ លើកម្មវិធីគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សម្រេចឲ្យវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការអនុវត្តធ្វើការងារជំរឿនសេដ្ឋកិច្ចនៅព្រះរាណាចក្រកម្ពុជារយៈពេល៣ឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង ។



លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ នៃទិន្នន័យប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងបច្ចុប្បន្ន និងអនាគត។ ផ្អែកតាមច្បាប់ស្ថិតិឆ្នាំ២០១៥ជំរឿនសេដ្ឋកិច្ច(សហគ្រាស) ត្រូវបានកំណត់ឲ្យអនុវត្ត ធ្វើក្នុងរយៈពេល១០ឆ្នាំម្តង ជាមួយនឹងការធ្វើអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅពាក់កណ្តាលជំរឿន៥ឆ្នាំម្ដង គឺដូចជានិងការអនុវត្តជំរឿនទូទៅប្រជាជនកម្ពុជានិងជំរឿនកសិកម្មផងដែរ។ បច្ចុប្បន្ននេះជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់ស្ដីពីស្ថិតិនិងអនុក្រឹត្យលេខ១៥១ អនុក្រ.បក ចុះថ្ងៃទី០២ខែតុលាឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការកំណត់កាលបរិច្ឆេទ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១។ ក្នុងន័យនេះ យើងត្រូវតែមានទិន្នន័យ តួលេខឲ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលាសម្រាប់ឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។



លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា៖ តាមកម្មវិធីនៃវគ្គបណ្តុះបណ្តាលនេះ សង្ឈឹមយ៉ាងមុតមាថា លោក លោកស្រី ជាមន្ត្រីត្រួតពិនិត្យ និងសម្ភាសន៍ និងចូលរួមខិតខំរៀនសូត្រ និងពិភាក្សាគ្នាយ៉ាងសកម្ម ជាមួយក្រុមគ្រូបង្គោលស្នូលបច្ចេកទេសរបស់វិទ្យាស្ថានជាតិសិ្ថតិនៃក្រសួងផែនការ ដែលធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារជំរឿន និងអង្កេតហើយធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញអន្តរជាតិ សម្រាប់អនុវត្តការងារជំរឿនសេដ្ឋកិច្ចនេះ ឲ្យទទួលបានជោគជ័យ៕ ណុប-រក្សា




dd
Bottom Ad