ឯកឧត្ដម នុត សាអាន អញ្ជើញជាអធិបតីក្នុងវគ្គអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានអន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម


ត្រលប់ក្រោយ

23/02/22 09:47 AM

ចំនួនទស្សនា៖

317

ប្រភព៖

ព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គអប់រំផ្សព្វផ្សាយអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ជូនដល់មន្រ្តីសាធារណៈសមត្ថកិច្ចជំនាញ និងសង្គមស៊ីវិល នៅសាលាខេត្តព្រះវិហារ។  


ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អមគណៈអធិបតីពីសំណាក់ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ , សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម, លោកជំទាវក្រុមប្រឹក្សាខេត្ត, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,នាយករដ្ឋបាលសាលាខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត , អភិបាលក្រុង-ស្រុក, អធិការដ្ឋាននគរបាលក្រុង-ស្រុក, បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង- ស្រុក, ពន្ធនាគារខេត្ត, មជ្ឈមណ្ឌលអប់រំកែប្រែ, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា និង មន្ទីរ សុខាភិបាល និងអង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។


ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានមានប្រសាសន៍លើកឡើងអំពីគោលបំណងនៃការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់នូវការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព, អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងតួនាទីភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។


ឯកឧត្ដមប្រធានបានគូសបញ្ជាក់ថា ៖« ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ថោកទាប មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាព នោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តបែបនេះគឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ វាជាអំពើអយុត្តិធម៌ដែលអាចបង្កើតឲ្យមានគំនិតគុំកួនគ្នាមិនចេះចប់មិនចេះហើយ»។



គួរបញ្ជាក់ថា បន្ទាប់ពីរៀបចំឡើងនៅខេត្តព្រះវិហារ វគ្គអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋាន អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធមនុស្ស និង តួនាទីភារកិច្ច របស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នឹងត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ទៅតាមបណ្ដាខេត្តនានា៕ អត្តបទ៖ ឆន ទិត្យ




dd
Bottom Ad