28/02/22 03:37 AM
ពោធិ៍សាត់៖ ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតាទារកនិងកុមារ ២១ កុម្ភ: ២០២២ ក្រោមប្រធានបទ “ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២នេះ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារនាំយកនូវសារលិខិតផ្តាំផ្ញើ ណែនាំ សួរសុខទុក្ខរបស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ជម្រាបជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងបងប្អូនស្រ្តីទើបសម្រាលកូនព្រមទាំងអ្នកចូលរួមសរុប១៤៨នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោកជំទាវ លាង ហៃ ជាវ តាយ បានជម្រាបជូនថា ខ្លឹមសារនៃសារលិខិតនោះសម្តេចកិត្តិព្រិទ្ធបណ្ឌិតបានផ្តាំផ្ញើសួរសុខទុក្ខ និងណែនាំបងប្អូនស្រ្តីគ្រប់រូប ពិសេសគឺស្ត្រីមានគភ៌ទាំងអស់ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួនទៅតាមការកំណត់ និងទទួលយកសេវាបង្ការព្យាបាល ថែទាំ ឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យមានជំនាញ បានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលសម្រាលកូន ទាំងមាតា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ និងកំពុងបន្តចាក់ដូសជំរុញ និងការព្យាបាលជាបន្តបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាព បានល្អប្រសើរឡើងវិញ ឲ្យបានសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។
លោកជំទាវ ក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋសំខាន់លើការបង្កើតកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ ។
នៅក្នុងឱកាសនោះ លោកជំទាវ និងសមាជិកសមាជិកាបានផ្តល់អំណោយមនុស្សធម៌រួមមាន៖ សារុង១ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម សាប៊ូ១កញ្ជប់ ម្សៅកូនក្មេង១កំប៉ុង ខោអាវទារក១កំប្លេរ និងថវិកាចំនួន២ម៉ឺនរៀលជូនដល់ស្រ្តីមានផ្ទៃពោះ និងស្រ្តីទើបឆ្លងទន្លេហើយផងដែរ៕