01/03/22 03:23 AM
ដោយ៖ណុប រក្សា
បន្ទាយមានជ័យ៖ សភាពការណ៍សកលលោក និង តំបន់ មានវិបត្តិ ប្រែប្រួល ស្មុគស្មាញ យ៉ាងណាក្តី ប៉ុន្តែក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ គ្រប់គ្រង ប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងគ្របថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរាជាតិចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានបញ្ជាក់ទៀតថា៖ ថ្ងៃនេះយើងជួបជុំ ដើម្បីប្រារព្ធអង្គសន្និបាតសរុបការងារប្រចំាឆ្នំា ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាលពីឆ្នាំកន្លងទៅដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ-១៩។
ឯកឧត្តមបានគូសបញ្ជាក់ថា៖ រយៈពេលពីរឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើងបានពុះពារជម្នះ នឹងឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនំាដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានស្វះស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំក្នុងសហគមន៏ ព្រមជាមួយនឹងការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មកររោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ-១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ច សង្គមកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាបន័សាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា និងជាមូលដ្ឋាន ក្នុងសង្គម ព្រមទាំងវិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ-១៩នេះ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ទោះបី សភាពការណ៍សកលលោក និងតំបន់ មានវិបត្តិ ប្រែប្រួលស្មុគស្មាញយ៉ាងណាក្តី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ គ្រប់គ្រងប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងដោយមានការគាំទ្រការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះរដ្ឋបាលខេត្ត គឺជាស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ បានខិតខំប្រឹងប្រែងរួមគ្នា រក្សាការពារ បានយ៉ាងរឹងមុតមាំ នូវសុខសន្តិភាព ស្ថេរភាព នយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ព្រមទាំង បង្ការទប់ស្កាត់និងបង្រ្កាបបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែននិងធានា បាននូវសន្តិសុខផ្ទៃក្នុង យ៉ាងល្អប្រសើរ ពីឧបាយកលទុច្ចរិក របស់មជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ង បង្កអសេ្ថរភាពត្រូវបានបរាជ័យ ៕



