ឯកឧត្តម ស៊ុយ សែម បានលើកឡើងថាវិស័យថាមពលអគ្គីសនី បច្ចុប្បន្នបានក្លាយជាវិស័យស្នូលមួយដែលមានសារសំខាន់ក្នុងការបម្រើឲ្យវិស័យឧស្សាហកម្ម


ត្រលប់ក្រោយ

02/03/22 02:28 AM

ចំនួនទស្សនា៖

428

ប្រភព៖

ពោធិ៍សាត់

ពោធិ៍សាត់៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា បច្ចុប្បន្នវិស័យថាមពលអគ្គីសនីនៅកម្ពុជាបានក្លាយជាវិស័យស្នូលមួយដែលមានសារសំខាន់ក្នុងការបម្រើឲ្យវិស័យឧស្សាហកម្ម ស្របពេលបច្ចុប្បន្ននេះរោងចក្រ សហគ្រាសតូច-ធំ បានទាញយកថាមពលអគ្គីសនីមកប្រើប្រាស់ជំនួសប្រេងឥន្ធន:វិញស្ទើរមួយភាគរយហើយ។ 


ឯកឧត្តមបានឲ្យដឹងថាសព្ធថ្ងៃនេះយើងមានវ៉ារីអគ្គីសនីដើរដោយកម្លាំងទឹកចំនួន ០៧កន្លែង និងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ និងធ្យូងថ្មមួយចំនួនទៀតផងដែរ ដែលអាចផលផលិតថាមពលអគ្គីសនីបានជាងប្រមាណ ៣,៨០០មេកាវ៉ាត់។


ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍លើកឡើងបែបនេះគឺនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងតំឡើងគ្រឿងសម្ភារអគ្គីសនី(ស្នេថេកឈីន SchneiTec CHINT )នៅភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងពិធីនោះក៍មានជាអញ្ជើញចូលរួមពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអគ្គនាយកអគ្គីសនីកម្ពុជា និងឯកឧត្តម លោកជាវ តាយ អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ព្រមទាំ លោក លោកស្រី មន្រ្តីរាជការ និងសិស្សានុសិស្សយ៉ាងច្រើនផងដែរ។


ឯកឧត្តមបានបន្តថា នេះជាមោទនភាពរបស់ប្រទេសកម្ពុជាយើង ដែលកន្លងមកមិនធ្លាប់មានរោងចក្រផ្តុំ និងតំឡើងគ្រឿងសម្ភារអគ្គីសនីក្នុងស្រុកនោះទេគឺយើងទៅទិញគ្រឿងសម្ភារអគ្គីសនីពីប្រទេសក្រៅ ចាប់ពីឥឡូវនេះយើងបានផលិតក្នុងស្រុកដោយខ្លូនឯង អាចកាត់បន្ថយបានមួយចំនួនធំក្នុងការទិញសម្ភារអគ្គីសនីពីខាងក្រៅ។


ទន្ទឹមនេះ ឯកឧត្តម ក៏បានអបអរសាទរចំពោះការជោគជ័យនៃកិច្ចសហប្រតិបត្តិការ និងការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុករបស់យើង និងក្រុមហ៊ុនមកពីប្រទេសចិន (ស្នេថេក ឈីន គ្រុប)។ ឯកឧត្តម មានក្តីរំពឹងថាចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលសម្ភារបរិក្ខាអគ្គីសនីក្នុងស្រុកម៉ាកឈីន(CHiNT) ដែលមានគុណភាពល្អតាមស្តង់ដាមិនចាញ់ផលិតផលពីខាងក្រៅឡើយ។


ឯកឧត្តម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងផងដែរថា ជាមោទនភាពសម្រាប់ខេត្តពោធិ៍សាត់សព្វថ្ងៃនេះ យើងមានក្រុមហ៊ុនរោងចក្រធំៗចំនួន០៧ ក្នុងនោះក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន០៣ ក្រុមហ៊ុនរោងចក្រផលិតខ្សែកាប ត្រង់ហ្វូ ផ្តុំ និងតំឡើងគ្រឿងសម្ភារ:អគ្គីសនីចំនួន០៣ក្រុមហ៊ុនរោងចក្រផលិតកែវ និងទូយោប៊ឺត ធ្វើអំគ្រាប់ធញ្ញជាតិចំនួន០១ និងក្រុមហ៊ុនរោងចក្រផលិតរថយន្ត(ហ៊្វត)ចំនួន០១កន្លែង បច្ចុប្បន្នកំពង់ដំណើរការសាងសង់។


ក្រុមហ៊ុនរោងចក្រទាំងនោះអាចស្រូបយកកម្លាំងពលកម្មជាកូនចៅ របស់ប្រជាពលរដ្ឋយើងប្រមាណជាង១៥,០០០នាក់ផងដែរ ដែលសមទ្ធិទាំងនេះកកើតឡើងដោយសារប្រទេសយើងមានសន្តិភាព។


លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន (ស្នេថេក ឈីន SchneiTec CHINT) បានជម្រាបជូនថា ដោយមើលពីសន្ទុះនៃការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសកម្ពុជា ដែលនាំឲ្យមានការកើនឡើងយ៉ាងឆាប់រហ័សនូវតម្រូវការគ្រឿងបរិក្ខាអគ្គីសនី ក៍ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ថាមពល តាមរយ:ការបង្កើននូវធនធាននិងចំណូលក្នុងស្រុកផងនោះក្រុមហ៊ុនរបស់លោកក៍បានសម្រេចចិត្តបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតរោងចក្រផ្គុំនិងតំឡើងសម្ភារ:អគ្គីសនីនេះ ក្នុងទំហំទឹកប្រាក់ជាង២.៥លានដុល្លា (២,៥០០,០០០ដុល្លា) មានដូចជាការផលិតតង់ស្យុងកម្រិតទាប មធ្យម រហូតដល់កម្រិតខ្ពស់គ្រប់ប្រភេទ និងសម្ភារ:ប្រព័ន្ធសូឡាដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចប្រកបដោយគុណភាពល្អ និងមានតម្លៃសមរម្យសម្រាប់តម្រូវទីផ្សារក្ន្នុងស្រុកនិងបន្តផែនការនាំចេញទៅក្រៅប្រទេសនាពេលខាងមុខ។



dd
Bottom Ad