សម្តេចតេជោ ហ៊ុន សែន ជំរុញ​ឱ្យក្រសួងសាធារណការ ​ពិនិត្យ​កំណត់​បន្ថែមល្បឿនដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវជាតិលេខ៣


ត្រលប់ក្រោយ

02/03/22 10:36 AM

ចំនួនទស្សនា៖

366

ប្រភព៖

តាកែវ

តាកែវ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ​បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យ​ ក្នុងការកំណត់​បន្ថែមល្បឿនបើកបរដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមជាតិលេខបី និងផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។ 


សម្តេចតេជោបន្តថា កំណាត់ផ្លូវជាតិលេខ៣នេះ ក៏អាចរាប់ជាប្រភេទផ្លូវល្បឿនលឿនផងដែរ ព្រោះផ្លូវនេះគឺមានទទឹងផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។


ជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរពីការរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣នេះ ដែលសម្តេចចាត់ទុកថានេះជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវនៅកម្ពុជា។


សម្តេចបានមានប្រសាសន៍បន្តថា កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត​ កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។


​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​មានប្រសាសន៍ថា កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ចោមចៅ ទៅដល់​ក្រុង​កំពត ត្រូវបាន​ស្តារ​ម្តង​រួចមកហើយ​នៅ​ឆ្នាំ​២០០៨-២០១១​។​ប៉ុន្តែ​ដោយ​សង្កេតឃើញថា​កំណើន​ចរាចរណ៍​មានការ​កើនឡើង គួរឱ្យកត់សម្គាល់​រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ឱ្យធ្វើ​ការពង្រីក​កំណាត់​ផ្លូវ​នេះ​ចាប់ពី​ចោមចៅ​ដល់​បែក​គូស ប្រវែង​ជិត ៧០​គីឡូម៉ែត្រ ជា​បួន​គន្លង និង​កំណាត់​ផ្លូវ​ពី​បែក​គូស​ដល់​ក្រុង​កំពត​ប្រវែង​ជិត ៦៥​គី​ម៉ែត្រ ជា​ពីរ​គន្លង ដោយ​ក្រាល​បេតុង​កៅស៊ូ​AC ឡើងវិញ​។​


​កំណាត់​ផ្លូវ​នេះ ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង ១២​គីឡូម៉ែត្រ​, ខេត្តកណ្តាល ប្រវែង ១១​គីឡូម៉ែត្រ​, ខេត្តកំពង់ស្ពឺប្រវែង ៣០​គីឡូម៉ែត្រ​, ខេត្តតាកែវប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្តកំពតប្រវែង ៥១​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ​បាន​សាងសង់ ស្ពាន​ថ្មី ចំនួន ១១​កន្លែងប្រវែង​សរុប ៤៤៣​ម៉ែត្រ ទទឹង ១២​ម៉ែត្រ និង​ពង្រីក​ស្ពាន​ចាស់ ២​កន្លែងប្រវែង​សរុប ៣០​ម៉ែត្រ​។​ កំណាត់​ផ្លូវ​នេះ បាន​សាងសង់​លូ​ជ្រុង​ចំនួន ៣៤​កន្លែង លូ​មូល​ចំនួន ១៧៧​កន្លែង លូ​ដាក់​តាម​ប្រឡាយ​សងខាង​ផ្លូវ​ចំនួន ២៧១​កន្លែង និង​ការងារ​បំពាក់​បរិក្ខារ​ផ្លូវថ្នល់ រួមមាន​៖ ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ព្រមទាំង​មាន​បំពាក់​កាំ​មេ​រ៉ា​ចាប់​ល្បឿន​អចល័ត​ចំនួន​១០​កន្លែង​និង​សាងសង់​ស្ពាន​ថ្មើរជើង​រំលង​ផ្លូវ​ចំនួន​ពីរ​កន្លែងផងដែរ​។​


ឯកត្តមបន្តថា កំណាត់​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត គឺជា​ខ្សែ​ផ្លូវ​នៃ​ប៉ូល​សេដ្ឋកិច្ច​និង​ទេសចរណ៍ ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន​៥ រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និង​ត​ភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​តាមរយៈ​កំណាត់​ផ្លូវជាតិ លេខ​៣(​កំពត​-​វាលរេញ​) ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៤ (​ព្រៃនប់​) និង​ត​ភ្ជាប់​ទៅ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ខេត្តកោះកុង​តាមផ្លូវ​ជាតិ លេខ​៤ និង​ផ្លូវជាតិ​លេខ​៤៨​។​ កំណាត់​ផ្លូវជាតិ​លេខ​៣​ក៏​ជា​ផ្នែក​មួយ​នៃ​ច្រករបៀង​ប៉ែក​ខាងត្បូង​តាម​មាត់ សមុទ្រ នៃ​មហា​អនុតំបន់​មេគង្គ ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ​លេខ​១២៣(AH-123) ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា តាមរយៈ​ផ្លូវជាតិ​លេខ​៤៨ ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំការ​លួង ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្លូវបំបែក​វាលរេញ និង​បន្តទៅ​ប្រទេស​វៀតណាម តាមរយៈ​ផ្លូវជាតិ​លេខ​៣៣ កាត់​តាម​កំពង់ត្រាច ចេញទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ព្រែក​ចាក (​កំពត​)-​សា​សៀរ (​ហា​ទៀង​) ដែល​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​៕



dd
Bottom Ad