02/03/22 10:40 AM
តាកែវ៖ ខណៈភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងតែកើតមាន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ជំហរថាមិនគាំទ្រចំពោះការប្រើប្រាស់កងទ័ពណាមួយទៅប្រឆាំងភាគីណាមួយនោះទេ ដោយលើកទឹកចិត្តឲ្យមានការដោះស្រាយបញ្ហាដោយការសន្ទនា ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង១៣៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ថា ៖«កម្ពុជាមានជំហរមិនគាំទ្រចំពោះការប្រើប្រាស់កងទ័ពណាមួយប្រឆាំងភាគីណាមួយនោះទេ គឺចង់ឲ្យមានការចរចាគ្នា ហើយបញ្ហារុស្ស៊ី និងអ៊ុយក្រែន នៅមានលទ្ធភាពចរចាគ្នានៅឡើយ»។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ការធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ មិនសាមញ្ញពេកទេ ពីព្រោះរឿងមួយមិនទាន់ចប់រឿងមួយកើតឡើង ហើយរឿងមួយបានកើនឡើងរឿងមួយទៀតបានកើតឡើងបន្ត ។ យើងបន្តជំរុញ COC ចិនជាមួយអាស៊ានបន្តឲ្យទៅមុខក៏មានការកើតឡើងបញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហាមីយ៉ាន់ម៉ាមិនទាន់ចប់ ឥលូវកើតឡើងបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ។
សម្តេចថា ទោះបីជាភូមិសាស្ត្របញ្ហារុស្ស៊ី និងអ៊ុយក្រែនក្តីតែគេតម្រូវឲ្យអាស៊ានបញ្ចេញឥរិយាបទផងដែរ ។ ដោយនៅក្នុងថ្ងៃមួយនោះខ្ញុំមិនដឹង មានការផ្ទុះអាវុធនៅអ៊ុយក្រែននោះទេ ដោយកំពុងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
ក្នុងជំនួបសម្តេចថា កម្ពុជាមិនលើកទឹកចិត្តឲ្យមានការបំបែករដ្ឋនោះទេ ។ សម្តេចគូសបញ្ជាក់ជាថ្មីថា ៖ មិនអាចយកសង្គ្រាមបញ្ចប់ដោយសង្គ្រាមបានទេ គោលជំហររបស់យើងតាំងពីដើមរហូតដល់ចប់ មិនគាំទ្រការប្រើប្រាស់កំលាំង ឬការគំរាមកំហែងប្រើប្រាស់កំលាំងពីភាគីណាមួយប្រឆាំងនឹងភាគីណាមួយនោះទេ ។ នេះជាគោលជំហរផ្លូវការរបស់យើង ពីព្រោះនេះជាការចង់បានរបស់យើង»។
សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជាមិនលើកទឹក និងជំទាស់នឹងការប្រើប្រាស់កំលាំង ឬការគំរាមកំហែងប្រើប្រាស់កំលាំងប្រឆាំងនឹងភាគីមួយទៀត ។
សម្តេចថា៖«ចំណុចនេះគេនឹងយល់អំពីទស្សនៈវិស័យរបស់កម្ពុជា ឥលូវជម្លោះការវាយប្រហារពីរុស្ស៊ីទៅអ៊ុយក្រែនកំពុងក្លាយទៅជាអ៊ឺរ៉ុបរមណីយកម្មសង្គ្រាមជាមួយរុស្ស៊ីទៅហើយ»។ សម្តេចបានលើកឡើងថា មូលហេតុដែលអាចនិយាយអឺរ៉ុបបណីយកម្មសង្គ្រាមនេះ ដោយសារពីមុនការវាយប្រហារពីរុស្ស៊ីទៅអ៊ុយក្រែនពិតប្រាកដ ក៏ប៉ុន្តែអាលូវនេះចំណោទបញ្ហា គឺប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាប្រគល់ទាំងមនុស្ស និងអាវុធរួមទាំងយន្តហោះចម្បាំងទៅអ៊ុយក្រែន ។
សម្តេចក៏បានលើកឡើងថា ទៀតការប្រគល់ពីភាគីមួយចំនួននេះនឹងធ្វើឲ្យសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមិនមែនជារុស្ស៊ី និងអ៊ុយក្រែនទៀតទេ គឺជាសង្គ្រាមរុស្ស៊ី អឺរ៉ុប ។ សម្តេចគូសបញ្ជាក់ថា៖«ខ្ញុំយល់ថាមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ ។ ប៉ុន្មានថ្ងៃមុនខ្ញុំបានផ្តល់សម្ភាសដោយបញ្ហាទស្សនៈថា រុស្ស៊ី មិនអាចផ្តួលរំលំអ៊ុយក្រែនបានទេ ឯអ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្សីបានដែរ»។

