03/03/22 03:08 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ៖ ដោយស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ តាមការប៉ាន់ប្រមាណមានពលករខ្មែរជាង ៤,០០០នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ សម្រាប់ខេត្តបន្ទាយមានជ័យ មានពលរដ្ឋខ្មែរធ្វើចំណាកស្រុកចំនួនជាង ៦៣,០០០នាក់ ក្នុងនោះមានកុមារចំនួនជាង ៧,០០០នាក់ និងព្រះសង្ឃចំនួន ៩អង្គ ផងដែរ។ ក្នុងនោះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែតមានចំនួន ៣៤១លើក សរុបចំនួន ៤,៦៩២នាក់ (ស្រីចំនួន ២,១៩៨នាក់ និងកុមារចំនួន ៤៥៩នាក់) ដោយពិនិត្យឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ (ស្រី១៩នាក់)។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា នារយៈពេលចុងក្រោយនេះ សកម្មភាពនៃការឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយក្នុង១ថ្ងៃចាប់ពី៣០០ ទៅ ៥០០នាក់។ ទន្ទឹមនឹងការវិលត្រឡប់មកនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានបញ្ជូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា រួមទាំងការឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ចំពោះអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅព្យាបាល។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២១ តាមច្រកមួយចំនួនដូចជា ច្រកបឹងត្រកួន ច្រកប៉ោយប៉ែត ច្រកអូរបីជាន់ និងច្រកស្រុកម៉ាឡៃជាដើម មានសកម្មភាពពលករឆ្លងដែនមកពីប្រទេសថៃរាល់ថ្ងៃ ធ្វើឱ្យអាជ្ញាធរខេត្ត ពង្រីកនូវមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង។ ក្នុងអំឡុងនេះដែរ ក៏មានសកម្មភាពលួចឆ្លងដែនខុសច្បាប់ ហើយត្រូវបានអាជ្ញាធរកម្ពុជា និងថៃចាប់បញ្ជូនមកវិញ។ ចំពោះមេខ្យល់ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕