ឯកឧត្តម ស៊ុយ សែម៖ ភូមិឃុំសង្កាត់មានសុវត្ថិភាពមានន័យថា ការដាក់ការងារគឺមានប្រសិទ្ធភាពខ្ពស់


ត្រលប់ក្រោយ

03/03/22 08:20 AM

ចំនួនទស្សនា៖

287

ប្រភព៖

ពោធិ៍សាត់

ពោធិ៍សាត់ ៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការអស់រយៈពេលពីរថ្ងៃកន្លងមកក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 


ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានរាយការណ៍អំពីដំណើរការសន្និបាតរយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើបទបង្ហាញនូវរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២, ផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងបានធ្វើការបែងចែកក្រុមពិភាក្សាដើម្បីផ្ដល់ធាតុចូលទៅលើរបាយការណ៍និងទិសដៅការងារ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តនិងក្រុងស្រុកឃុំសង្កាត់។ ផ្អែកតាមការសិក្សា អង្គប្រជុំទាំងមូលបានធ្វើការវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ដែលរក្សាការពារបាននូវសុខសន្តិភាពនិងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ, ដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស។


ឯកឧត្តម ស៊ុយ សែម ក្នុងនាមរាជរដ្ឋាភិបាល បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះបានដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ ជាពិសេសការចូលរួមទប់ស្កាត់និងការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដំណើរការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណៈសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ ក៍បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។


ផ្អែកលើបញ្ហាប្រឈមជាសាកលខាងលើ និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ស៊ុយ សែម បានផ្ដល់នូវគោលការណ៍ណែនាំជាគន្លឹះចំនួន០៩ចំណុច សម្រាប់អនុវត្តបន្ត៖ ទី១ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, ទី២ ការអនុវត្តកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការ, ទី៣ ការគ្រប់គ្រងធនធានធម្មជាតិនិងការដោះស្រាយវិវាទដីធ្លី, ទី៤ ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ទី៦ ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម, ទី៧ ការផ្ដល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន, ទី៨ ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩, និងទី៩ គឺការពង្រឹងរបៀបរបបកាងារឲ្យបានច្បាស់លាស់ ។


ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមជឿជាក់លើស្មារតីទទូលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តគ្រប់លំដាប់ថ្ឋាក់ ក្នុងការបំពេញការងារឲ្យសម្រេចបាននូវសមិទ្ធថ្មីៗបន្ថែមទៀត៕




dd
Bottom Ad