សិស្សនិទ្ទេសA ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ចំនួន៩៩នាក់ នៅខេត្តបន្ទាយមានជ័យទទួលបានរង្វាន់IPAD ម្នាក់១គ្រឿងជាអំណោយឧបនាយកររដ្ឋមន្ត្រី កែ គឹមយ៉ាន


ត្រលប់ក្រោយ

05/03/22 12:04 PM

ចំនួនទស្សនា៖

690

ប្រភព៖

បន្ទាយមានជ័យ


ឯកឧត្តមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលនិងចែកជូនរង្វាន់ថេបប្លែត (IPAD ) ម្នាក់១គ្រឿងដល់សិស្សប្រឡងជាប់និទ្ទេសA នៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនាសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១កន្លងទៅនេះ នៅទូទាំងខេត្ត ។កម្មវិធីនេះប្រារព្ធធ្វើនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី គណៈ:គ្រប់គ្រង់សាលា មាតាបិតា អាណាព្យបាលសិស្សនិងសិស្សសរុបជាង២៦០នាក់ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខ អបអរសាទរនិងកោតសរសើរពីប្រមូលខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនចំពោះមាតាបិតាឬអាណាព្យាបាលសិស្សនិងក្មួយៗសិស្សជ័យលាភីនិទ្ទសAទាំងអស់ផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ៖ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ឯកឧត្តមក៏មានសេចក្តីសោមនស្សរីករាយនិងមានមោទនភាពយ៉ាងក្រៃលែង ហើយសូមកោតសរសើរនិងថ្លែងអំណរគុណដល់មាតាបីតា អាណាព្យាបាលសិស្ស មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ មន្ត្រីអប់រំ គណៈ:គ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ ដែលបានជម្រុញអោយសិស្សានុសិស្សខិតខំរៀនសូត្រនិងក៏ចំពោះតួអង្គក្មួយៗសិស្សានុសិស្សផ្ទាល់ដែលបានព្យាយាមរៀនសូត្រ រហូតបានលទ្ធផលដ៏ល្អប្រសើរនេះ ។បន្ថែមលើនោះ លទ្ធផលសិស្សនិទ្ទេសA ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ មាន៩៩នាក់បានកើនឡើង៤ដងបើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានតែចំនួន២៥នាក់ នេះគឺឆ្លុះបញ្ចាំងនូវគុណភាពអប់រំកាន់តែប្រសើរឡើង ។

ឯកឧត្តម អ៊ុំ រាត្រី គូសបញ្ជាក់បន្ថែមថា៖ នៅឆ្នាំនេះក្មួយៗសិស្សនិទ្ទេសA បានរង្វាន់ត្រឹមIPAD ម្នាក់១គ្រឿង ជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយកររដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវ។

ជាមួយគ្នានោះឯកក៏សូមអធ្យាស្រ័យនិងយោគយល់ពីក្មួយៗ ដោយសារថា យើងមានផលវិបាកដែលបង្កពីផលប៉ះពាល់ដោយការរីករាលដាលនៃជម្ងឺកូវីដ១៩ ។

យោងរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា៖លទ្ធផលប្រឡងបាកឌុបសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ នោខេត្តបន្ទាយមានជ័យឆ្នាំ២០២១ គឺជាប់៦៣% ក្នុងនោះបាននិទ្ទេសA ចំនួន៩៩នាក់/ ស្រី៧០នាក់ ។ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនោះមាន៧មណ្ឌល។ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ០៣មណ្លល ថ្នាក់វិទ្យាសាស្ត្រសង្គម៤មណ្ឌល ។ស្មើនឹង១៩៩បន្ទប់ ។ក្នុងនោះបេក្ខជនក្នុងបញ្ជីចំនួន៤.៩៤៧នាក់/២.៦៣៦នាក់។ បេក្ខជនមកប្រឡងចំនួន ៤.៧១៤នាក់/ស្រី២.៥៤៤នាក់ ។ហើយបេក្ខជនប្រឡងជាប់(ចំណេះទូទៅ ស្វៃរិននិងបំពេញវិជ្ជា) មានចំនួន២.៩៤៤នាក់/ស្រី១.៧៦១នាក់ ។គិតជាភាគរយសរុប៦២.៤៥%/ស្រី ៦៩,២២នាក់ ។ក្នុងលទ្ធផលនេះ គឺមាននិទ្ទេសA ចំនួន៩៩នាក់(ចំណេះទូទៅ) /ស្រី៧០នាក់ ។និទ្ទេស B ២៥៧នាក់ / ស្រី១៧៧នាក់ ។ C ចំនួន៥៣៩នាក់ /ស្រី៣១៩នាក់ ។ D ចំនួន ៩៣៥នាក់ / ៥៦១នាក់ ។និង E ចំនួន ១.១១៤នាក់ / ៦៣៤ នាក់ ៕

បន្ទាយមានជ័យ,០៥/០៣/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad