09/03/22 06:39 AM
ពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់បានណែនាំក្រើនរំលឹកស្នើសុំលោកអភិបាលក្រុង ស្រុក មន្ទីរជំនាញ និងតំបន់ទេសចរណ៍នានាជុំវិញខេត្តត្រូវរៀបចំតុបតែងកែលម្អរបរិស្ថាន អនាម័យសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពតាមបណ្តាទីតាំងក្នងដែនសមត្ថកិច្ចរបស់ខ្លួនជាបណ្តើរៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កមកកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ។
ឯកឧត្តម បានបន្តទៀតថា ជាពិសេសគឺសន្តិសុខសុវត្ថិភាពភ្លៀងនិងការទុកដាក់កាកសំណល់ឱ្យមាន របៀបនិងចំគោលដៅដែលបានកំណត់ងាយស្រួលក្នុងការប្រមូលនិងដឹកជញ្ជូន ព្រោះថាកន្លងមកនេះរដ្ឋបាលខេត្តបានរៀបចំដាក់ធុងសំរាមធំៗទៅតាមគោលដៅព្រមទាំងក្រុមការងារអនាម័យ បោសសម្អាត ដឹកជញ្ជួនសំរាម ។តែទោះជាយ៉ាងនេះក៏ដោយកិច្ចការនេះមិនទាន់មានភាពរលូននោះនៅឡើយទេ ដោយសារការចូលរួមនៅមានកម្រិត។
ដោយឡែកការសាងសង់សំណង់អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាតរំលោភលេីដីចំណីផ្លូវរបស់រដ្ឋ គ្រប់ទីតាំងសាធារណៈ ការចាក់ដីលុបផ្លូវទឹកខុសច្បាប់ សូមក្រុង ស្រុក មន្ទីរជំនាញចុះត្រួតពិនិត្យនិងទប់ស្កាត់ជាបន្ទាន់។ រីឯក្រុមហ៊ុនលក់ដីឡូតិ៍ ដែលគ្មានលិខិតអនុញ្ញាត រដ្ឋបាលខេត្តត្រូវធ្វើលិខិតជូនដល់ក្រុមហ៊ុននោះ ឱ្យផ្អាកការលក់បន្ត រង់ចាំសុំសិទ្ធិស្របច្បាប់បានជាមុនសិន។
តាមរយៈនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ក៏បានជម្រុញឱ្យរដ្ឋបាល ក្រុង ស្រុក មន្ទីរនិងអង្គភាពជំនាញពាក់ពន្ធ័បន្តការខិតខំប្រមូលចំណូលសម្រាប់បង់ចូលថវិកាជាតិ ពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ បង្ការទប់ស្កាត់នូវរាល់ល្បែងស៊ីសង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា៕