11/03/22 09:15 AM

កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ បាន ណងអ៊ៀន ជាច្រកសម្រាប់ដឹកទំនិញចេញចូល សហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តមបរិនញ៉ាភោធីសាធ( Parinya Phothisat ) អភិបាលខេត្តស្រះកែវ ថៃ នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា៖ ថ្ងៃនេះប្រតិភូខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការ ស្នងការ កងកម្លាំងមានសមត្ថកិច្ចព្រំដែនខេត្តទាំង២ មន្ទីរពាក់ព័ន្ធ និងឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានជូបប្រជុំតាមការអញ្ជើញពី ឯកឧត្តមអភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងគោលបំណងពិភាក្សាលើការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ បានណង អ៊ៀន ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំង២ ។ទោះបីជាអគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ៤០% និងខាងថៃសម្រេចបាន ៩០% ប៉ុន្តែយើងប្រជុំថ្ងៃនេះពិនិត្យវឌ្ឍនៈភាពនិងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអា សន្នសម្រាប់ដឹកទំនិញចេញចូល ។
ឯកឧត្តមបន្តឲ្យដឹងទៀតថា៖ ជាលទ្ធផលនៃកិច្ចប្រជុំនេះមិនទាន់មានការសម្រេចថាបើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេរងចាំគោលការណ៍រាជរដ្ឋាភិបាលនៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ៕
បន្ទាយមានជ័យ,១១/០៣/០២២=ណុប-រក្សា(២៩០១៦)



