និស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យនាំចំណេះដឹងផ្នែកក្សេត្រសាស្រ្តយក ទៅអនុវត្តនិងផ្សព្វផ្សាយក្នុងសហគមន៍ខ្លួន


ត្រលប់ក្រោយ

17/03/22 01:54 AM

ចំនួនទស្សនា៖

558

ប្រភព៖

បន្ទាយមានជ័យ


 និស្សិតជំនាញផ្នែកក្សេត្រសាស្រ្ត នៃមហាវិទ្យាល័យកសិកម្មនិងកែឆ្នៃម្ហូបអាហារ នៅសកលវិទ្យាល័យជាតិមានជ័យខេត្តបន្ទាយមានជ័យអោយដឹងថា៖ ក្រោយពីបានទទួលចំណេះជំនាញ ពីសាស្ត្រាចារ្យ ក្រុមខ្លួនបានចងក្រងជាសៀវភៅផ្ដោតសំខាន់លើការដាំដុះ ហើយក៏នាំនូវជំនាញនេះទៅអនុវត្តនិងផ្សព្វ ផ្សាយ ដល់កសិករក្នុងសហគមន៍របស់ពួកគេដាំដុះដំណាំកសិផល ទទួលបានទិន្នផលខ្ពស់លក់បានកម្រៃ សមស្រប ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។

 កញ្ញា ស៊ុ សួន និងកញ្ញា សុភា ល័ក្សី និស្សិតឆ្នាំទី៤ ផ្នែកក្សេត្រសាស្រ្ត នៃមហាវិទ្យាល័យកសិកម្ម និងការកែឆ្នៃម្ហូបអាហារ នៅសកលវិទ្យាល័យជាតិមានជ័យបានធ្វើការនៅក្នុងសួនដំណាំត្រសក់ផ្អែមរោងសំណាញ់បៃតង(Green house)ទំហ៊ុំ២០ម៉ែ្រតគុណ និង៤០ម៉ែត្រ ដែលគ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយនេះសាងសង់។បានឲ្យដឹងនៅថ្ងៃទី១៥ មីនា ឆ្នាំ២០២២នេះថា៖ពួកគេចាប់យកជំនាញផ្នែកក្សេត្រសាស្រ្ត ក្នុងមហាវិទ្យាល័យកសិកម្ម និងការកែឆ្នៃម្ហូបអាហារ នេះដោយមើលឃើញនូវសក្ដានុពលធម្មជាតិ និងផ្ទៃដីប្រកបដោយជីវជាតិ សម្រាប់ដំណាំគ្រប់ប្រភេទ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ។និងមួយវិញទៀតដោយមានឧបនិស្ស័យនិងទទួលបានជំនាញពីក្រុមសាស្ត្រាចារ្យផងនោះ ក្រុមខ្លួននឹងអាច ពង្រីកការដាំដុះបន្ថែម ក្នុងសហគមន៍ដើម្បីទាញយកបរិមាណទិន្នផលខ្ពស់ប្រកបដោយគុណភាព លក់ផ្ដល់ជូនតម្រូវការក្នុងស្រុក បង្កើនសុខមាលភាពជូនប្រជាពលរដ្ឋ។សូមស្តាប់ការលើកឡើងរបស់ប្អូនស្រីសុភា ល័ក្សី បញ្ជាក់ដូច្នេះថា៖....................។

ក្នុងនោះ សាស្ត្រាចារ្យ ផ្នែកក្សេត្រសាស្រ្ត ក្នុងមហាវិទ្យាល័យកសិកម្ម និងកែឆ្នៃម្ហូបអាហារ ក៏បានផ្តល់ទ្រឹស្តីនិងការបណ្តុះបណ្តាលណែនាំ អនុវត្តជាក់ស្តែងពីសង្វាក់នៃការដាំដុះដំណាំត្រសក់ផ្អែម ។និងបានរាប់បញ្ចូលទាំងការលាយជីធម្មជាតិ សាបព្រោះបណ្ដុះកូន ការប្រើប្រាស់ទឹកនិងការថែទាំ ប្រើប្រាស់សត្វឃ្មុំ ក្រេបលំអងកេសឈ្មោល ដាក់ជាមួយលំអងកេសញីផង និងប្រើវិធីសិប្បនិមិត្ត ដើម្បីបង្កើនផ្លែ រហូតដល់ការប្រមូលផលជាដើម។

ជាមួយគ្នានោះសាស្ត្រាចារ្យជំនាញបានបញ្ជាក់ថា៖ការដាំដំណាំនៅក្នុងផ្ទះសំណាញ់មានការកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជា ព្រោះវាជាយន្តការមួយនៅក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាស ធាតុ។ក៏ប៉ុន្តែ វាក៏មានបញ្ហាប្រឈមមួយចំនួនដែរ ជាពិសេសសម្រាប់ដំណាំដំណើរលំអងកាត់ ដោយសារតែភ្នាក់ងារដំណើរលំអងធម្មជាតិ(សត្វល្អិត) ត្រូវបានរាំងខ្ទប់ ដោយផ្ទះសំណាញ់ដែលបិទជិត។ ដូច្នេះ កម្លាំងពលកម្មរបស់មនុស្សត្រូវបានប្រើប្រាស់ជំនួស តួនាទីរបស់ភ្នាក់ងារបង្កលំអងធម្មជាតិទាំងនេះ។ បញ្ហាទាំងនេះបាននាំឲ្យបង្កើនការចំណាយទៅលើកម្លាំងពលកម្មបន្ថែម ។ មានការសិក្សាស្រាវជ្រាវជាច្រើនបានចង្អុលបង្ហាញថា ការប្រើភ្នាក់ងារដំណើរលំអង(សត្វឃ្មុំ) ទទួលបានទិន្នផលខ្ពស់ជាងការធ្វើដំណើរលំអងដោយកម្លាំងពលកម្មមនុស្ស។ ក្រុមអ្នកស្រាវជ្រាវ និងនិស្សិតរបស់សកលវិទ្យាល័យជាតិមានជ័យ បានកំពុងរៀបចំធ្វើការសិក្សាវាយតម្លៃអំពីប្រសិទ្ធភាពរបស់ ភ្នាក់ងារដំណើរលំអងដោយសត្វឃ្មុំ។ ការសិក្សាស្រាវជ្រាវនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងរកវិធីសាស្រ្ត និងជម្រើសសមស្របទៅល័ក្ខខ័ណ្ឌផលិតកម្មនៅកម្ពុជា ។សូមរំលឹកថា ក្រៅពីដំណាំត្រសក់ផ្អែមនេះ ក្រុមនិស្សិតថ្នាក់ឆ្នាំទី១,ទី២,ទី៣ឯទៀតនៃជំនាញនេះ ក៏បានដាំដំណាំបន្លែចម្រុះផងដែរ៕

បន្ទាយមានជ័យ,១៧/០៣/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad