19/03/22 07:11 AM

ពិធីផ្សព្វផ្សាយនៃអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី២៩ដែលនឹងប្រព្រឹត្តទៅនៅរយៈពេល០៣ថ្ងៃ គឺថ្ងៃទី១៨-១៩-២០ខែមីនាឆ្នាំ២០២២ នៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់នៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវអគ្គមហាឧបាសិកា ពុទ្ធិសាស្រ្តនូបបឋមម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យ។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានថ្លែងថា៖ការប្រារព្ធពិធីអនុសំវច្ចរៈមហាសន្និបាតនៅថ្ងៃនេះគឺជាជំនួបប្រជុំប្រចាំឆ្នាំរបស់ព្រះសង្ឃ ព្រះមន្ត្រីសង្ឃ ព្រះរាជាគណៈគ្រប់ឋានានុក្រមពោលគឺសង្ឃកិច្ចមួយឆ្នាំម្ដង ដែលធ្វើឡើងដើម្បីពង្រឹងវិស័យស្នូលរបស់ព្រះពុទ្ធសាសនានិងកំណត់ធ្វើដំណោះស្រាយនូវរាល់បញ្ហាប្រឈមតាមបណ្ដាវត្តអារាមនីមួយនីមួយជាដើម។
លោកបានបន្តថា៖អនុសំវច្ចរៈ សន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី២៩នេះនឹងពិនិត្យពិចារណាពិភាក្សារិៈរកយុទ្ធវិធីថ្មី ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀតដូចជាក្នុងការផ្សព្វផ្សាយគោលការណ៍គ្រឹះព្រះធម៌ ព្រះពុទ្ធសាសនា សីលសមាធិនិងបញ្ញា ទានសីល ភាវនាអប់រំមហាជនឲ្យយល់ដឹងនិងជ្រួតជ្រាបពីអ្វីដែលល្អនិងអ្វីដែលអាក្រក់វៀរចាកនូវអំពើអបាយមុខផ្សេងៗស្គាល់គុណស្គាល់ទោសនិងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាពដូចពាក្សពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីសុខស្ងប់នោះឡើយ។
មានមតិនាឱាសនោះ លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបាន លើកឡើងផងដែរថា៖ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ គ្រប់ព្រះអង្គ តម្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបដើម្បីកិច្ចការព្រះពុទ្ធ មានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពប្រកាន់យកនូវព្រះពុទ្ធឱវាទធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ ជម្រះចោលនូវគំនុំគុំគួនច្រណែន និន្ទាឈ្នានីសប្រកបដោយអហិង្សា។ ម្យ៉ាងវិញទៀតដើម្បីពង្រឹងនូវរចនាសម្ព័ន្ធដឹកនាំសង្ឃការងារគ្រប់គ្រងវត្ត ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌មានវិន័យក៏ដូចជាការចូលរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាពនៅកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំ បានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានជំនឿជឿជាក់ពីប្រជាពលរដ្ឋគ្រប់ទិសទី៕បន្ទាយមានជ័យ,១៨/០៣/០២២=ណុប-រក្សា(២៩០១៦)




