20/03/22 01:27 AM

ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋទៅបង់ត្រីប្រទះឃើញអាវុធធុនAK 47 ០១ដើម ពង់០១និងគ្រាប់០៨គ្រាប់ យកមកប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង១០និង៤៧នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដើម្បីរក្សាទុក ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា៖តាមសេចក្តីរាយការណ៍ ពីលោកមេភូមិរស្មីសាមគ្គី ឃុំទួលពង្រ ឲ្យដឹងថា៖នៅវេលាម៉ោង ១០ និង៣៥ នាទីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២មានប្រជាពលរដ្ឋ០២នាក់ឈ្មោះ ១-/សុំ លាន ភេទប្រុស អាយុ ៤៤ឆ្នាំ, ២-/ម៉ិញ ឈិន ប្រុស អាយុ ៥៧ ឆ្នាំ ទាំង០២រស់នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។គាត់ទាំង០២នាក់ បានទៅរកត្រីនៅចំណុចអូរជាប់ព្រំប្រទល់ស្រុកអូរជ្រៅនិងស្រុកម៉ាឡៃ ពេលបង់សំណាញ់រួចចាប់ត្រីប៉ះអាវុធធុន AK ០១ដើម ក្នុងសំណាញ់ហើយក៏បានរាយការណ៍មកគាត់ បន្ទាប់គាត់បានឲ្យប្រជាពលរដ្ឋទាំង០២នាក់ឲ្យអាវុធនោះមកទុកនៅផ្ទះរបស់ គាត់។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដើម្បីពិនិត្យអាវុធ ធុនAK 47 កំបុតស្វាយ មានបង់០១ និងគ្រាប់ ចំនួន០៨ មានគុណភាពប្រហែល២០% គឺជាអាវុធដែលបន្សល់ទុកពីសម័យសង្រ្គាម ៕បន្ទាយមានជ័យ,១៩/០៣/០២២=ណុប-រក្សា(២៩០១៦)

