21/03/22 09:15 AM
ដោយ៖ ណុប រក្សា
បន្ទាយមានជ័យ ៖ ដោយអនុវត្តតាមអនុសាសន៍ និងការជួយឧបត្ថម្ភគាំទ្រពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងការជម្រុញណែនាំផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាផ្តល់នូវបទពិសោធន៍ បច្ចេកទេសពីលោកប្រធានមន្ទីរកសិកម្មខេត្ត ក្រោមប្រធានបទ «រួមគ្នាគិត រួមគ្នាធ្វើ» និងមានការចូលរួមពីប្រជាកសិករក្នុងសហគមន៍ផងនោះ ទើបសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានដំណើរការរហូតទទួលបានលទ្ធផលនាពេលនេះ ជាមួយនោះក៏សំណូមពរដល់មន្ទីរជំនាញពាក់ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយឲ្យតំបន់ឃុំបន្ទាយឆ្មារ នេះក្លាយកសិកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ និងបរិស្ថានទេសចរណ៍។
នេះគឺជាការលើកឡើងរបស់លោកប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ លើកឡើងក្នុងពិធីតាំងពីព័រណ៍កសិផលកសិកម្ម កសិករនៃប្រាសាទបន្ទាយឆ្មារ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវអគ្គមហាឧបាសិកា ពុទ្ធិសាស្រ្តនូបបឋម ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី អស់លោក លោកស្រី អង្គភាពពាក់ព័ន្ធនិងប្រជាកសិករយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះដែរលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា៖ នៅខេត្តបន្ទាយមានជ័យ មានសហគមន៍កសិកម្ម ចំនួន៤៤ លើ ស្រុក ក្រុងទូទាំងខេត្ត ដែលប្រជាកសិករបានដាំមានដំណាំ ហូបផ្លែ ហូបស្លឹក មើម និងដើម ។ ជាមួយគ្នានោះ នៅឆ្នាំ២០២១-២០២២នេះ ផែនការបង្កបង្កើនស្រូវ ចំនួន ២៥២,៣២០ហិកតា(២៥ម៉ឺន២ពាន់៣២០ហិកតា) ប្រជាកសិករបង្កបង្កើនផលបាន ២៦៤,៩០៥ ហិកតា (២៦ម៉ឺន៤ពាន់៩០៥ហិកតា)ស្មើ១០៤,៩៩%។ ក្នុងនោះដែរឆ្នាំ២០២១ នេះគ្រោះរាំងស្ងួតបង្កឲ្យខូចខាតដំណាំស្រូវចំនួន ៣,០០០ ហិកតា និងខូចខាតដោយទឹកជំនន់ចំនួន ២៩,៣៧៣ ហិកតា។
ដំណាំស្រូវប្រាំងតាមផែនការ ២២,០០០ ហិកតា អនុវត្តបានចំនួន ៥០,៥១១ ស្មើ ២២៩,៦៩% ដំណាំដំឡូងមីអនុវត្តបាន ៨៣,០០០ ហិកតា,ពោតក្រហមចំនួន ១១,០០០ ហិកតា,បន្លែមានចំនួន ២,៣២៦ ហិកតាផងដែរ ក្នុងនោះមានបន្លែហូបស្លឹក,មើម,ផ្លែ,ដើម។ល។ ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរកសិកម្មខេត្តបានជម្រុញដល់ប្រជាកសិករដាំដំឡូងឈ្វា ដែលដំឡូងនេះមានទីផ្សារល្អផងដែរ។
លោក ជឿ រតនា ប្រធានគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មប្រាសាទបន្តាយឆ្មារ បានលើកឡើងថា៖សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ នេះបានបង្កើតឡើងក្នុងឆ្នាំ២០១៩ និងទទួលបានវិញ្ញាបនបត្រនៅឆ្នាំ២០២០ ។ មួយវិញទៀតការរៀបចំកម្មវិធីថ្ងៃនេះគឺមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលរបស់សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ដែលមានការជម្រុញគាំទ្រពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ានក្នុងការបង្កើតសហគមន៍នេះឡើង និងម្យ៉ាងទៀតកម្មវិធីនេះគឺចង់ជម្រុញនិងលើកទឹកចិត្តដល់សមាជិកក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋទូទាំងឃុំបន្ទាយឆ្មារនេះ ឲ្យគ្រឡេកមកមើលវិស័យកសិកម្ម ដែលធ្វើទៅតាមលក្ខណៈបច្ចេកទេសខាងការិយាល័យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានគាំទ្រលើផលិតផលដែលសហគមន៍ផលិត បានដែលបច្ចុប្បន្ននេះ យើងបានផ្គត់ផ្គង់តាមទីផ្សារ ដែលមានសមាគមន៍ ខាងសៀមរាប និងក្រុងភ្នំពេញ។
ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ និងលើទឹកចិត្តដល់ប្រជាកសិករក្នុងសហគមន៍កសិកម្មបន្ទាយឆ្មារ ដែលបានខិតខំដាំដំណាំបន្លែ ផ្លែឈើមានការរីកចម្រើន ទទួលបានការគាំទ្រពីសហគមន៍ទីផ្សារ ។ ជាមួយគ្នានោះឯកឧត្តម ក៏បានណែនាំដល់មន្ទីរកសិកម្ម ពិសេសការិយាល័យធនធាននៃមន្ទីរកសិកម្ម គឺ៖
ទី១/-ជួយច្នៃកាលបរិច្ឆេទនៃការដាំដំណាំតាមពេលវេលានៃ ពិធីបុណ្យទានឲ្យមានផលិតផល នៃតម្រូវការនោះបើយើងធ្វើបានទីផ្សារគឺមិនខ្វះនោះទេ
ទី២/-គឺបញ្ចូលទៅក្នុងភូមិ១ផលិតផល១ សហការជាមួយមន្ទីរពាណិជ្ជកម្ម បញ្ចូលក្នុងផេកផ្សព្វផ្សាយ ដើម្បីឲ្យមានទីផ្សារ ។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់កសិករក្នុងសហគមន៍ ក៏ដូចជាកសិករទូទាំងខេត្ត ត្រូវផ្តោតសំខាន់លើការដាំដុះបន្លែសុវត្ថិភាព កាត់បន្ថយការប្រើប្រាស់ថ្នាំ ជីគីមី ដើម្បីកាត់បន្ថយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងអ្នកទទួលទាន៕






