ខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃ


ត្រលប់ក្រោយ

21/03/22 09:28 AM

ចំនួនទស្សនា៖

413

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ ណុប រក្សា


បន្ទាយមានជ័យ៖ បន្ទាប់ពីរៀបចំពិធីបើកអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ អស់រយៈពេល០៣ថ្ងៃនោះមក។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីបិទ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិក សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិ​យសសមាគមនារីសន្តិភាពខេត្តបន្ទាយមានជ័យ។


លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ ក្នុងរយៈពេល ០៣ ថ្ងៃមកនេះ អង្គមហាសន្និបាតទាំងមូលបានអនុវត្ត និងគោរពតាមកម្មវិធីដែលបានគ្រោងទុកដោយសម្របសម្រួលពីមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះមេគុណទាំង០២គណៈ បានបង្ហាញពីគោលបំណងនិងទិសដៅរបស់អង្គមហាសន្និបាត ដើម្បីឆ្លុះបញ្ចាំងអំពី សង្ឃប្រកាសលើកទី ១ ដល់លើកទី ២៩ បានលើកពីបទអន្តរាគមន៍ បញ្ហាប្រឈមនិងដោះស្រាយ សំណូមពរសាលាគណ អាចារ្យខេត្ត ក្រុង/ស្រុក និងសមាជិកសមាជិកា នៃអង្គមហាសន្និបាត បានពិភាក្សាយ៉ាងផុលផុស ដើម្បីប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ពីក្រុងស្រុកមួយទៅក្រុងស្រុកមួយ។


លោក បៀវ ថានបន្តថា៖ ពិតមែនតែវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនគួរកត់សម្គាល់ និងសេចក្ដីត្រូវការខាងស្មារតី ខាងការប្រតិបត្តិហើយក៏ដោយ ប៉ុន្តែយើងនូវមានការងារជាច្រើនទៀតដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត និងលើកទិសដៅអនុវត្តបន្តទៅមុខជាពិសេស បន្តពង្រឹងគុណភាពក្នុងការដឹកនាំគ្រប់គ្រងវត្តអារាម ឱ្យមានរបៀបរៀបរយ សាមគ្គីភាព រក្សាតម្លៃព្រះពុទ្ធសាសនា បន្តការរួមសាមគ្គីគ្នា អភិវឌ្ឍវិស័យពុទ្ធសាសនាឲ្យបានថ្កុំថ្កើង រុងរឿងដោយជៀសវាងការប្រកាន់បក្សពួក ដែលជាហេតុអាចធ្វើឱ្យ ពុទ្ធបរិស័ទបាត់បង់ជំនឿនិងធ្វើឲ្យអាប់អោនដល់ព្រះពុទ្ធសាសនានៃយើង។


មានប្រសាសន៍ថ្លែងនាឱកាសនោះផងដែរលោកជំទាវឧកញ៉ា ម៉ៅម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថ្លែងអំណរព្រះគុណ អរគុណនិងសូមសំដែងនូវមនោសញ្ចេតនា អបអរសាទរចំពោះព្រះមេគណខេត្ត ព្រះរាជាគណៈព្រះមន្ត្រីសង្ឃ ព្រះគ្រូអនុគណៈ មន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ ដែលបានផ្ដោតព្រះទ័យទុកដាក់ក្នុងការរៀបចំ អនុសំវច្ចរៈមហាសន្និបាតលើកទី ២៩ នេះ ដោយបានផ្ដោតលើប្រធានបទសំខាន់ៗ ដែលមានអត្ថន័យជ្រាលជ្រៅ ដើម្បីបំរើឲ្យផលប្រយោជន៍នៃការបង្កើតធ្លុងសាមគ្គីគ្នា ក្នុងជួរព្រះសង្ឃនិងពុទ្ធសាសនិក សម្រាប់ប្រមូលផ្ដុំគំនិត បញ្ញាញាណដ៏ទូលំទូលាយ និងរិះរកវិធានការសមស្របដើម្បីចូលរួមចំណែកកាត់បន្ថយ លុបបំបាត់អំពើអកុសល និងអំពើហិង្សា ផងទាំងពួងនៅក្នុងសង្គម ដើម្បីឈោងចាប់យកសុខសន្តិភាពដ៏ពេញលេញ ទាំងសុខមាលភាព ផ្លូវកាយ ផ្លូវចិត្តនិងការអភិវឌ្ឍ។


ផ្សារភ្ជាប់ជាមួយនឹងកម្មវិធីមហាសន្និបាតនេះផងដែរ គណៈអធិបតីបាននិមន្តអញ្ជើញ កាត់ខ្សែបូឆ្លងសមិទ្ធផល ស្ទបសម្រាប់តម្កល់ ស្គរជ័យនិងជួងក្នុងវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ផងដែរ៕



dd
Bottom Ad