ឯកឧត្តម ស៊ុយ សែម ៖ ស្រូវចុះថោក ជី ឬប្រេងឡើងថ្លៃ វាជាកត្តាសត្យានុម័តលើពិភពលោក គ្មានបុគ្គល ឬគណបក្សនយោបាយណាមកកំណត់បាននោះទេ


ត្រលប់ក្រោយ

22/03/22 02:48 AM

ចំនួនទស្សនា៖

287

ប្រភព៖

ពោធិ៍សាត់

សម្រួលផ្សាយ៖SR276


ពោធិ៍សាត់ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា បញ្ហាស្រូវចុះថោក ជីឡើងថ្លៃ ប្រេងសាំងឡើងថ្លៃ វាជាកត្តាសត្យានុម័តដែលវាកើតឡើងនៅលើទីផ្សារទូទាំងពិភពលោក មិនមែនតែប្រទេសកម្ពុជាយើងមួយប៉ុណ្ណោះទេ ហើយក៍គ្មានអ្នកណាអាចមកកំណត់បាននោះដែរ។

ឯកឧត្តម លើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារបក្សភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន កាលពីពេលថ្មីៗកន្លងទៅនេះ។


ឯកឧត្តមប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានបន្តទៀតថា បងប្អូនត្រូវយល់ថាក្នុងសេដ្ឋកិច្ចទីផ្សា តម្លៃគឺជាការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ដែលអាចទទួលយកបានទៅវិញទៅមក។ បើសេចក្ដីត្រូវការច្រើនទំនិញតិចវានឹងឡើងថ្លៃ បើទំនិញច្រើនសេចក្ដីត្រូវការតិចវានឹងចុះថោកជាស្វ័យប្រវត្តិ ។ នៅពេលខាងមុខនេះនឹងមានការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដូច្នេះបើមានគណបក្សនយោបាយណាឃោសនាថា បោះឆ្នោតជូនគណបក្សរបស់គេ គេនឹងធ្វើឲ្យស្រូវឡើងថ្លៃ ជីចុះថោក ប្រេងសាំងឬទំនិញផ្សេងៗទៀតចុះថោកនោះ គឺជាការភូតកុហកបោកប្រាស់សុទ្ធសាធតែម្ដង ដូច្នេះសូមបងប្អូនកុំជឿឲ្យសោះប្រយ័ត្នចាញ់បោកគេ នាំឲ្យអន្តរាយដល់ប្រទេសជាតិ។


ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា គណបក្សប្រជាជន មិនអាចកំណត់តម្លៃទំនិញឲ្យចុះថោកនោះទេ គ្រាន់តែថាអ្វីដែលគណបក្សប្រជាជន ដឹកនាំសព្វថ្ងៃនេះ គឺរក្សាការពារសុខសន្តិភាពឲ្យនៅគង់វង្ស ខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ និងស្វែងរកស្ថេរភាពនយោបាយជូនប្រជាពលរដ្ឋនិងប្រទេសជាតិតែប៉ុណ្ណោះ។ អ្វីៗយើងបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញអស់ហើយ ប្រទេសយើងសព្វថ្ងៃសេដ្ឋកិច្ចទីផ្សាសេរី បានន័យថាតម្លៃថ្លៃឬថោកមិនមែនអ្នកណាមួយកំណត់ដូចសេដ្ឋកិច្ចផែនការនោះទេ ព្រោះថាសេដ្ឋកិច្ចផែនការគឺរដ្ឋាភិបាលជាអ្នកកំណត់ ឯសេដ្ឋកិច្ចទីផ្សារអត់មានអ្នកណាបញ្ជាទេគឺទីផ្សារបញ្ជាតែម្ដង។


ឯកឧត្តមបន្តថា ក្នុងនាមយើងទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាភូមិកោះអណ្ដែតឃុំត្រពាំងជងស្រុកបាកាននេះ យើងយល់ច្បាស់ណាស់ថា គណបក្សយើងដឹកនាំតាំងពីបាតដៃទទេ មកដល់ពេលនេះមានរយៈពេល៤៣ឆ្នាំហើយ តើសមិទ្ធផលកើតឡើងពេញផ្ទៃប្រទេសសព្វថ្ងៃនេះបានមកពីណា? មានគណបក្សនយោបាយណាខ្លះជួយកសាង? គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ។


ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យនៅគង់វង្សជានិច្ច ដោយគ្រាន់តែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការស្រេច ៕


dd
Bottom Ad