22/03/22 03:31 AM
ដោយ៖ ណុប រក្សា
បន្ទាយមានជ័យ៖ បន្ទាប់ពីខ្សល់កន្ត្រាក់បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋឲ្យខូចខាតអស់ចំនួន១៧ខ្នង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៩ ខែមីនា ម្សិលមិញនោះមក ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោក យឹម សំណាង អភិបាលស្រុក អូរជ្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកងកម្លាំងទាំង៣ប្រភេទ ព្រមទាំងក្រុមការងារស្រុកចុះជួយឃុំអូរបីជាន់ ក្រុមការងារយុវជនស្រុក បានចុះជួយរុះរើរៀបចំជួសជុល ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតនោះឡើងវិញ។
ជាមួយនឹងគ្រោះធម្មជាតិបង្កឲ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋនេះ ក្នុងនាមអាជ្ញាធរស្រុក លោក យឹម សំណាង អភិបាលស្រុក ក៏បានថ្លែងនូវការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបានកើតឡើង បណ្តាលឲ្យផ្ទះបងប្អូនពលរដ្ឋរងការដួលរលំ ដោយសារខ្យល់កន្ត្រាក់។
ជាមួយនោះ លោក អភិបាលស្រុក ក៏បានបញ្ជាក់ថា៖ ក្នុងពេលដែលបងប្អូនជួបការលំបាក ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ តែងតែចាត់ឱ្យក្រុមការងារចុះជួយបងប្អូនដែលកំពុងជួបការលំបាកជានិច្ច ជាក់ស្តែងដូចដែលបានឃើញស្រាប់នាពេលនេះ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកក៏បានចាត់ក្រុមការងារចុះមកដើម្បីរុះរើ រៀបចំនិងសាងសង់ផ្ទះជូនបងប្អូនពលរដ្ឋដែលជួបគ្រោះធម្មជាតិនេះ។
ជាមួយគ្នានោះ លោក យឹម សំណាង ក៏បានណែនាំ និងអំពាវនាវដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំដូចជាផ្គររន្ទះ ខ្យល់កន្ត្រាក់ ក្នុងករណីអាកាសមានការប្រែប្រួល រកកលនឹងភ្លៀង សូមបងប្អូនពលរដ្ឋ រកកន្លែងដែលមានសុវត្ថិភាព ៕




