23/03/22 06:05 AM
ដោយ៖ ប្រសិទ្ធ
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ជាប្រធាន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា "ការដឹកនាំល្អគឺផ្ដើមពីការដឹងច្បាស់ថា អ្វីដែលយើងត្រូវការពារជាមុនសិន"។ ការមានប្រសាសន៍បែបនេះ គឺនៅតាមបណ្ដាញសង្គមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នេះ ដែលក្រុមការងារយើងទទួលបាន។
ឯកឧត្តមលើកឡើងទៀតថា ក្នុងរយៈកាល ៤៤ ឆ្នាំនៃអធិភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ លើជោគវាសនាប្រទេសជាតិជាមួយនិងរាជរដ្ឋាភិបាល ក្នុងការធានារក្សាឲ្យបាននូវសមិទ្ធផលទាំងឡាយណា ដែលសម្រេចបានកន្លងមកលើគ្រប់វិស័យ ព្រមទាំងការចូលរួមកសាង និងការការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលប្រសូតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
គួរបញ្ជាក់ផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានក្លាយជាសមាគមដ៏ធំបំផុតរបស់យុវជននៅក្នុងប្រទេសកម្ពុជា។ ហើយបានពង្រីកសមាជិកជិត ២ សែននាក់ នៅទូទាំងប្រទេសគិតត្រឹមឆ្នាំ ២០២១។ ខណៈដែលសមាគមនេះមានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ៣៨ នាក់ និងមានសមាជិកគណៈកម្មការកណ្ដាល ១៧១ នាក់៕