23/03/22 09:59 AM
សម្រួលផ្សាយ៖SR276
ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរយោដីខេត្តកណ្តាលបានប្រកាស កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណះជា ប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន ១០ភូមិ គឺភូមិព្រែកតាគង់ ភូមិកំពង់ដំរី ភូមិក្នុង ភូមិព្រែកតាមាក់ ភូមិស្វាយអាត់លើ ភូមិស្វាយអាត់កណ្ដាល ភូមិស្វាយអាត់ក្រោម ភូមិបឹងក្រចាប់ជើង ភូមិបឹងក្រចាប់ត្បូង និងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល តាមសេចក្តីសម្រេចលេខ ៣៣សសរ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ដែលមានទីតាំងនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាមាក់ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖ ការប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណះជាប្រព័ន្ធ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លីដើម្បីអោយ កម្មវិធីនេះអនុវត្តទៅសម្រេចបានជោគជ័យបានគឺទាមទារការ ខិតខំប្រឹងប្រែងរបស់ មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ពិសេសគឺប្រជា ពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុល បង្ហាញទីតាំងដីព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យអោយបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។
លោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា៖ គោលបំណង នៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បី ផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមានការកំណត់ព្រំដីការវាស់វែង និងការវិនិច្ឆ័យ ដែល អនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និង មន្ទីរ អង្គភាព គ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ។ ការចុះបញ្ជីដីធ្លីនេះគឺត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និង បច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុង អនុវត្តហើយ មានប្រសិទ្ធិភាព លើការគ្រប់គ្រងដីធ្លី ។ នេះជាប្រការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ ៕