24/03/22 03:38 AM
សម្រួលផ្សាយ៖SR276
ព្រះវិហារ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យស្ថានការណ៍សន្តិសុខ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ តំបន់ព្រំដែន នៅទិសទី១ ប្រាសាទព្រះវិហារ របស់យោធាភូមិភាគទី៤ នៅទីបញ្ជាការជួរមុខរបស់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ ៣ នាសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសកំពុងត្រៀមលក្ខណៈសម្បត្តិ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នាឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ។
បន្ទាប់ពីឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ បានជំរាបជូនអំពីស្ថានការណ៍សន្តិសុខតាមបណ្ដោយព្រំដែនជាប់ជាមួយប្រទេសជិតខាង និង លទ្ធផលការងារដែលកងពលសំរេចបានរួចមក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ នឹងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ ពិសេសសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន និងមានកិច្ចសហការគ្នាល្អ រវាងថ្នាក់ដឹកនាំគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដីក្នុងភូមិសាស្ត្រតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤ ដែលក្នុងរយៈកាលកន្លងមកនេះបានពុះពារគ្រប់ការលំបាកក្នុងការកសាងនូវសមិទ្ធិផលជាច្រើន សម្រាប់អង្គភាពខ្លួនផ្ទាល់ផង និងសម្រាប់ប្រយោជន៍ជាតិផង រហូតមានការរីកចម្រើន ពិសេសបានយកចិត្តទុកដាក់ពង្រឹងបានយ៉ាងរឹងមាំនូវសន្តិសុខ តាមបន្ទាត់ព្រំដែន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីការកសាងបន្ទាត់ព្រំដែនមួយ មានទាំងសន្តិសុខ សន្តិភាព និងមានទាំងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ដែលប្រែក្លាយពីតំបន់ដែលធ្លាប់តែឮស្នូរគ្រាប់កាំភ្លើង ប្រែក្លាយមកជាតំបន់ឮសូរតែស្នូរសូត្រធម៌ និងភ្លេងនៃបទចម្រៀងសប្បាយខ្ញាវខ្ញាអូរអរ ពីតំបន់ដែលមិនមានការអភិវឌ្ឍកន្លងមក មកជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ។
ឯកឧត្តម ឥត សារ៉ាត់ ក៏បានសម្ដែងនូវការដឹងគុណចំពោះគំរូវីរភាព ដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងអតីតកាលកន្លងមក បានលះបង់សាច់ស្រស់ ឈាមស្រស់ កាយសម្បទា និងអាយុជីវិតដើម្បីបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងភាពសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជា ។
ជាមួយគ្នានេះដែរ ក៏ត្រូវជំរុញចលនាបង្កបង្កើនផលដាំដុះ នូវអនុផលផ្សេងៗ ឲ្យបានកាន់តែច្រើនដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅក្នុងអង្គភាពនិងគ្រួសារកងទ័ព ឲ្យកាន់តែប្រសើរ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជូនពរ សព្វសាធុការពរជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ដល់កងកំលាំងប្រដាប់អាវុធទាំងអស់ ដែលឈជើងការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជា- ថៃ. កម្ពុជា-ឡាវ ទាំងអស់ សូមមានសំណាងល្អ មានសុខភាពល្អ គ្រប់ក្រុមគ្រួសារ ហើយត្រូវថែរក្សាសុខភាព ឲ្យបានជាប្រចាំ ដោយត្រូវប្រកាន់យកការរស់នៅស្អាត ហូបចុកស្អាត នឹងធ្វើអនាម័យជាប្រចាំ នៅក្នុងអង្គភាព កន្លែងធ្វើការ និងផ្ទះសំបែង ដោយអនុវត្តនៅវិធានការ ៣ កុំ និង ៣ការពារ ។
ឯកឧត្តម ឥត សារ៉ាត់ ក៏បាននាំយកនូវអំណោយជាថវិកា របស់ក្រសួងការពារជាតិឧបត្ថម្ភជូនដល់អង្គភាពជួរមុខចំនួន ៤៤ អង្គភាព ដែលរួមមានថវិកាសរុប ប្រមាណជា ២០៤លានរៀល៕