24/03/22 04:22 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្តាលអាណត្តិនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ដែលរៀបចំដោយរាជរដ្ឋាភិបាលបន្ទាប់ពីការត្រួតពិនិត្យជុំទី៣របស់កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ និងតាមរយៈប្រព័ន្ធវីដេអូ។
កិច្ចពិគ្រោះយោបល់នេះប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Paulin Tamesis ប្រធានអង្គការសហប្រជាជាតិប្រចំាព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន ១៨ ក្រសួង/ស្ថាប័ន ឯកអគ្គរដ្ឋទូត អគ្គរាជទូតនានា ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើនទៀត។
គោលបំណងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីចែករំលែកនូវការវាយតម្លៃការអនុវត្តអនុសាសន៍ដែលបានមកពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ក្នុងជុំទី៣របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកទឹកចិត្តឱ្យមានការផ្តល់យោបល់ពីភាគីពាក់ព័ន្ធលើវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំងនោះ។
នៅក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តម កត្តា អ៊ន សមាជិក គ.ស.ម.ក. និង ជាប្រធានក្រុមការងារសរសេររបាយការណ៍ UPR បានអញ្ជើញជាវាគ្មិនក្នុងបទបង្ហាញ អំពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំង ១៧៣ ដែលនៅក្នុងរបាយការណ៍ពាក់កណ្ដាលអាណត្តិ UPR ជូនអង្គសិក្ខាសាលា៕