24/03/22 04:44 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យ ០៣នាក់ ជាសាធារណៈពាក់ព័ន្ធធ្វើសកម្មភាពប្រើប្រាស់មធ្យោបាយរថយន្តប្រព្រឹត្តបទល្មើស លួចកាច់សោក ម៉ូតូ និងលួចរថយន្ត យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត សរុប ២០ ករណី ដែលរងការបាត់បង់ម៉ូតូ ៤៤គ្រឿង និងរថយន្តចំនួន ០២ គ្រឿង ក្នុងនោះក៏បានរឹបអូសដកហូតវត្ថុតាងម៉ូតូចំនួន ១៤គ្រឿង ឧបករណ៍សម្ភារៈមួយចំនួនរួមនឹងរថយន្តជាមធ្យោបាយបំរើឱ្យធ្វើសកម្មភាពបទល្មើស ០១ គ្រឿងផងដែរ ។ ក្រោយពីជនសង្ស័យទាំង ០៣ នាក់ ត្រូវបានរងការបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហកាជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ។បន្ទាប់ពីជនសង្ស័យទាំង ០៣ នាក់ នេះបានធ្វើសកម្មភាពកាច់សោកយកម៉ូតូបានសម្រេចចំនួន ០៥ ករណី លួចម៉ូតូអស់ចំនួន ២៥ គ្រឿង នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា៖ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង ០៣ នាក់ ខាងលើដឹកនាំកម្លាំងស្រាវជ្រាវបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងរូបលោក ផ្ទាល់ ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីជនរងគ្រោះ បានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ច រាជធានីភ្នំពេញហើយនោះ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា៖ ក្នុងចំណោមជនសង្ស័យទាំង ០៣ នាក់នេះ ក្នុងនោះមានជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ខែ ត្រូវបានដោះលែងវិញ ហើយមកបន្តធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេះថែមទៀត គឺឈ្មោះ ត្រេន ធឿន ហៅ គង់ សំណាង ហៅ ឡេង ថា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្ទះលេខ៧ អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួក ០២ នាក់ ទៀតមានឈ្មោះ ធី ហេង ហៅ ប៉ា អាប៉ូយ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧ អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ស្លេះ បញ្ហា ហៅកៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា៖ ជនសង្ស័យទាំង ០៣នាក់ គឺមានបក្ខពួកមួយចំនួនទៀតក្នុងការចេញធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសលួចកាច់សោកម៉ូតូ និងលួចរថយន្ត ដោយប្រើប្រាស់រថយន្តដឹកបក្ខពួក ចេញប្រព្រឹត្តបទល្មើស ទាំងនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនហើយរាល់ការលួចម៉ូតូនិងរថយន្តបានគឺពួកវាយកទៅផ្ញើកន្លែងផ្ញើម៉ូតូនិងរថយន្ត នៅតាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ។
ជាក់ស្តែងម៉ូតូចំនួន ១៤គ្រឿង ដែលសមត្ថកិច្ចរឹបអូសយកមកនៅពេលនេះ គឺពួកវាយកទៅផ្ញើកន្លែងផ្ញើម៉ូតូនៅតាមបណ្តាផ្សារ និងលាក់ទុកក្នុងផ្ទះជួលផងដែរ។
លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា៖ ជនសង្ស័យទាំងនេះភាគច្រើនចេញធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូ និងរថយន្ត នៅតាមទីសាធារណៈចាប់ពីវេលាយប់អធ្រាត្រស្ងាត់រហូតព្រឹកទាបភ្លឺនៅគ្រាដែលជនរងគ្រោះដេកលង់លក់។ ភូមិសាស្រ្តដែលជនសង្ស័យធ្ឡាប់ធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូនិងរថយន្តទាំង ២០ករណីរួមានមាន៖
១,រាជធានីភ្នំពេញចំនួន០៥ករណី ម៉ូតូចំនួន២៥គ្រឿង
២,ខេត្តកំពតចំនួន០៥ករណី ម៉ូតូចំនួន០៦គ្រឿង និងរថយន្ត០២គ្រឿង
៣,ខេត្តកំពង់ស្ពឺចំនួន០៦ករណី ម៉ូតូចំនួន០៧គ្រឿង និង
៤, ខេត្តតាកែវ ចំនួន០៤ ករណី ម៉ូតូចំនួន០៦គ្រឿង។
ជនសង្ស័យទាំង ០៣នាក់ និងវត្ថុតាង នៅរសៀលថ្ងៃដដែលត្រូវបានចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕