25/03/22 01:46 AM
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម លើកទី១១ អាណត្តិទី១។
នៅក្នុងអង្គពិធីទាំងមូលបានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម÷
១. សេចក្តីព្រាងប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់វិភាជន៍បូជាសពនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។
២. សេចក្តីព្រាងប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ក្នុងបេឡាជាតិសន្តិសុខសង្គម។
៣. បញ្ហាផ្សេងៗ។
ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ប្រជាពលរដ្ឋពិសេសកម្មករកម្មការិនីទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គមនេះ មានចំនួនច្រើនកន្លងមករួចហើយ។ ក្នុងនោះក៏មានមន្ត្រីរាជការតាមក្រសួងស្ថាប័នផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមត្រូវបានអនុម័ត នៅឆ្នាំ២០០៧ ដែលបង្កើតឡើងដើម្បីជំនួសនាយកដ្ឋានសន្តិសុខសង្គម។ ប.ស.ស ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គមអនុលោមតាម អនុក្រឹត្យ។ ក្រោយពីការរៀបចំដ៏ធំទូលាយនេះ ប.ស.ស ត្រូវបានដំណើរការនៅចុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ៕ អត្ថបទ: ប្រសិទ្ធ