25/03/22 07:13 AM
សម្រួលផ្សាយ៖សារ៉ន276
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញបន្ថែមឱ្យការទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប នាថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃទី២៤ ខែមីនា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឱ្យដឹងថា នេះជាកិច្ចប្រជុំ ត្រួតពិនិត្យលើកទី២ ដើម្បីឱ្យបានរៀបរយគ្រប់ទម្រង់ទាំងអស់ក្នុងការត្រៀមទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី អាគ្នេយ៍ ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា នៅក្នុងមហាសន្និបាត CAMSOC កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចង្អុលបង្ហាញឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំទទួល ធ្វើម្ចាស់ផ្ទះ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រ ដំបូង ឱ្យទទួលបានកិត្តិយសជាតិ និងជោគជ័យ។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកីឡាអាស៊ីអាគ្នេយ៍ នាខែក្រោយនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីស្វែងរកការគាំទ្របន្ថែម ជាពិសេស គឺដើម្បីធានាឱ្យបាននូវអ្វីដែលជាសំណើ និងបញ្ហាប្រឈមរបស់ម្ចាស់ផ្ទះកម្ពុជា ជូនដល់បណ្តាប្រទេសជាសមាជិក អាស៊ីអាគ្នេយ៍។
នៅមានបញ្ហាខ្លះៗ ដែល កំពុងខិតខំប្រឹងប្រែងធ្វើប្រកបដោយភាពជឿជាក់ និងសកម្ម ដើម្បីឱ្យស៊ីហ្គេមជាលើក ដំបូង របស់កម្ពុជានេះ មានភាពប្រែប្រួលខ្លះ ក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ឯកឧត្តមអគ្គលេខាធិការអះអាងថា កម្ពុជាទើបតែរៀបចំស៊ីហ្គេម ជាលើកដំបូង ប៉ុន្តែបណ្តាប្រទេសជាសមាជិក ហាក់ផ្តល់សេចក្តី ទុកចិត្តខ្ពស់ និងមានភាពកក់ក្តៅយ៉ាងខ្លាំងចំពោះកម្ពុជា។ យើងមិនហ៊ានថា យើងអស្ចារ្យនោះទេ ប៉ុន្តែយើងកំពុងខិតខំប្រឹងប្រែង យ៉ាងខ្លាំង នៅក្នុងគោលដៅរបស់យើងទាំងមូល ដោយសន្សំសំចៃថវិកា ប៉ុន្តែយើងសម្រួចការរៀបចំឱ្យអស្ចារ្យ និងគួរជាទីមោទនៈ សម្រាប់កំណត់ត្រាជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាដ៏ធំក្នុងតំបន់រៀងរាល់២ឆ្នាំម្តងនេះ ដែលកម្ពុជាគឺជាស្ថាបនិក១ នៅក្នុង ចំណោម ៦ប្រទេស ក្នុងឆ្នាំ១៩៥៩។
ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា ត្រូវជំរុញធ្វើយ៉ាងណាឱ្យកិច្ចប្រជុំលើកទី១នេះធ្វើយ៉ាងណាជំរុញឱ្យទទួលបានជោគជ័យ ហើយពេលប្រជុំលើកទី២ទៀត នឹងកាន់តែរលូន។ដូច្នេះ គោលដៅចម្បងរបស់កម្ពុជា គឺដើម្បីឱ្យទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ កីឡាជាសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ និងឱ្យពួកគាត់អនុម័តនូវអ្វីជាសំណើរបស់កម្ពុជា ដូចជាបញ្ជូលបន្ថែមប្រភេទកីឡា ប្រពៃណីជាតិខ្មែរយើង ទៅក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដូចជាប្រភេទកីឡាគុនល្បុក្កតោ និងអុកចត្រង្គ។ ដូច្នេះ នេះជាការ លើកទឹកចិត្ត សន្ដានចិត្ត មិត្តភាព សាមគ្គីភាពដ៏ក្លៀវក្លារបស់សមាជិកអាស៊ីអាគ្នេយ៍ សម្រាប់ម្ចាស់ផ្ទះកម្ពុជាយើង៕
ប្រភព៖ ក្រសួងព័ត៌មាន