25/03/22 07:20 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុន Huawei នៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ឯកឧត្តម មានសេចក្តីសោមន្សរីករាយដែលបានឃើញ ប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សចាប់តាំង ពីបើកដំណើរការនៅឆ្នាំ១៩៩៩ កន្លងមក ហើយបានរំពឹងថា ក្រុមហ៊ុន Huawei នឹងបន្តរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៅកម្ពុជា។
ជាការឆ្លើយតប លោក Lin Baifeng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កម្ពុជាដែលបានផ្តល់នូវជំនឿទុកចិត្ត និងគាំទ្រដល់ក្រុមហ៊ុន Huawei ក្នុងដំណើរការប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ជាពិសេសវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ ICT ។ លោកប្រធាន Huawei ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីសមិទ្ធផលនានាដែលក្រុមហ៊ុន Huawei សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជា សក្តានុពល និងផែនការពង្រីក វិនិយោគ និងការអភិវឌ្ឍសំខាន់ៗនៅពេលអនាគត សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើង ថា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ (4.0 IR) កម្ពុជាជំរុញឱ្យមានបច្ចេកវិទ្យាឈានមុខក្នុងវិស័យ ICT សម្រាប់កំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន លោក Lin Baifeng អំពីទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងចិន ក៏ដូចជារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផងដែរ។
ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ដែលបានសហការ និងផ្តល់ជំនួយជាបន្តបន្ទាប់ដល់ក្រសួង-ស្ថាប័ន មួយចំនួននៅកម្ពុជា ព្រម ទាំងបានលើកទឹក ចិត្តឱ្យបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាល ដល់អ្នកមានទេពកោសល្យ វ័យក្មេងក្នុងវិស័យ ICT របស់កម្ពុជា ដោយគូសបញ្ជាក់ថា ការជួយដល់យុវជន កម្ពុជា គឺមានន័យថា ក្រុមហ៊ុន Huawei បានជួយដល់អនាគតរបស់កម្ពុជាផងដែរ។
លោក Lin Baifeng បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង -ស្ថាប័ន និង ភាគីពាក់ព័ន្ធនានារបស់កម្ពុជា ក្នុងគោលបំណងជួយរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និង ICT នៅកម្ពុជាបន្ថែម៕