29/03/22 02:51 AM
អត្ថបទ: ប្រសិទ្ធ
បន្ទាយមានជ័យ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា ការងារអប់រំ ជាការងារអទិភាពយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្ស។ ការមានប្រសាសន៍បែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យជាតិមានជ័យ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ។
ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ដើម្បីឲ្យប្រទេសយើងសម្បូរទៅដោយធនធានមនុស្ស គឺផ្ដោតសំខាន់ទៅលើវិស័យអប់រំជាវិស័យអទិភាព។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាឲ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាប្ដេជ្ញាចិត្តធ្វើឲ្យបានក្នុងការផលិតចេញនូវធនធានមនុស្សប្រកបដោយសមត្ថភាពវិជ្ជាជីវៈ សីលធម៌ និងមនសិការស្នេហាជាតិ ជួយការងារសង្គម ពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាងនេះទៅទៀតត្រូវបញ្ជ្រាបឱ្យសិស្សានុសិស្ស និស្សិត ទាំងអស់យល់ដឹងអំពីបញ្ហា និងគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យបានទូលំទូលាយបន្ថែមទៀត។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បាននាំយកអំណោយជាថវិកា និងសម្ភារ ផ្តល់ជូន, មន្ត្រីអប់រំសាកលវិទ្យាល័យជាតិមានជ័យ ចំនួន៦១រូប និងនិស្សិតជ័យលាភីចំនួន៥៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, នាយកវិទ្យាល័យនៅក្រុងសិរីសោភ័ណ្ឌ ចំនួន ៨នាក់ ក្នុងម្នាក់ៗ ថវិកា១០ម៉ឺន រៀល, និស្សិតសាកលវិទ្យាល័យជាតិមានជ័យ ចំនួន ១០០នាក់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល, ឧបត្ថម្ភសាកលវិទ្យាល័យជាតិមានជ័យ ថវិកា ៥លានរៀល LCD ២០គ្រឿង ម៉ាស៊ីនត្រជាក់២សេះ ៣០គ្រឿង កុំព្យូទ័រ៥០រឿង (សរុបជាថវិកាជិត១០ម៉ឺនដុល្លារ) និងឧបត្ថម្ភនគរបាល កងរាជអាវុធខេត្ត និងគ្រូពេទ្យមួយក្រុមៗទទួលបានថវិកា ៥០ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលខិតខំបំពេញការងារ ផ្ដល់សេវាបានល្អនៅសាកលវិទ្យាល័យជាតិមានជ័យ ជាពិសេសថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា និងមន្ត្រីអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើកំណែទំរង់យ៉ាងល្អប្រសើរដើម្បីអភិវឌ្ឍធនធានមនុស្ស៕








