01/04/22 04:34 AM
ដោយ៖ ណុប រក្សា
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធាន គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន បានថ្លែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយនិងក្រុមគ្រួសារនៃសពមន្ត្រីនគរបាល ដែលបានបាត់បង់ស្វាមី ឬជាឪពុក និងភរិយាឬជាម្តាយជាទីគោរពស្រឡាញ់និងមានព្រហម្វិហារធម៌ចំពោះភរិយា ចំពោះកូន និងចំពោះស្វាមី នាគ្រាកន្លងមក ។
ថ្លែងបែបនេះ ក្នុងឱកាសដែល លោកឧត្តមឧត្តមសេនីយ៍ស្នងការរង តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន ប្រគល់ថវិកាគណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិចំនួន ១៤លានរៀល ជូនដល់ក្រុមគ្រួសារនៃសពចំនួន០៣នាក់ ក្នុងនោះជូនភរិយាសពមន្ត្រីនគរបាលមរណភាព ០១នាក់ ៦លានរៀល ដល់ភរិយាសពមន្ត្រីនគរបាលចូលនិវត្តន៍ ០១នាក់ ថវិកាចំនួន ៦លានរៀល និងភរិយារបស់មន្ត្រីនគរបាល០១នាក់ ថវិកាចំនួន២លានរៀល ។
លោកឧត្តមសេនីយ៍ ស្នងការរង បានជំរាបជូនគ្រួសារសពថា៖ ថវិកាដែលប្រគល់ជូននាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាត និងជាប្រធាន គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិ ក្នុងគោលបំណងសម្រាប់ជួយគ្នាទៅវិញទៅមកដល់មន្ត្រីនគរបាលជាតិជាសមាជិក សមាជិកា សមាគមមិត្តនគរបាលជាតិ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម។
ផ្សារភ្ជាប់ជាមួយនិងកម្មវិធីនេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានផ្តាំផ្ញើដល់ ក្រុមគ្រួសារសពទាំងអស់ បន្ទាប់ពីទទួលបានថវិកានេះហើយគឺយកទៅធ្វើជាដើមទុនរកស៊ី បង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមទប់ស្កាត់ការឆ្លងរាលជម្ងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕



