04/04/22 08:22 AM
ដោយ៖SR276
ភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការពិន័យ និងការដកពិន្ទុ និងសេចក្តីណែនាំស្តីពីការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នៅលើផ្លូវល្បឿនលឿន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា កិច្ចប្រជុំរវាងជំនាញនគរបាលចរាចរណ៍ ជាមួយស្ថាប័នក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនទ្រូម៉ាន់នី នៅថ្ងៃនេះ នឹងធ្វើការងារជាក់ស្តែងលើប្រតិបត្តិការគ្រប់គ្រងការផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវ។ ឯកឧត្តម បានថ្លែងថា ផ្នែកសណ្តាប់ធា្នប់ ជាពិសេសគឺការងារនគរបាលចរាចរណ៍មានការកែទម្រង់ការងារថ្មីមួយ និងការទទួលភារកិច្ចសំខាន់មួយទៀត នៅលើផ្លូវល្បឿនលឿន ដែលជាការកែទម្រង់ពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោកតាមរយៈសេចក្តីណែនាំ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងបន្តថា មន្ត្រីជំនាញ និងក្រុមការងារប្រតិបត្តិការ ត្រូវយល់ដឹងរួមអំពីការដឹកនាំ អំពីបច្ចេកទេសខ្លះ នៃប្រតិបត្តិការអំពីនីតិវិធីលើការគ្រប់គ្រងការពិន័យ ក៏ដូចជាការគ្រប់គ្រងលើផ្លូវល្បឿនលឿន តាមបណ្តាខេត្តក្រុង ដែលពាក់ព័ន្ធជាមួយផ្លូវល្បឿនលឿនទំាងអស់ ជាពិសេសរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានថ្លែងគូសបញ្ជាក់អំពីករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០ និង២០២១ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរហាក់ហក់ឡើងវិញនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ គ្រាដែលស្ថានភាពជំងឺកូវីដ-១៩ ហាក់ធូរស្រាល។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តគូសបញ្ជាក់ទៀតថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់បានប្រមាណ៨០០នាក់ និងកាត់បន្ថយអ្នករងរបួសប្រមាណ៣ពាន់នាក់ ខណៈឆ្នាំ២០១៩ អ្នករងរបួសមានប្រមាណជាង៦ពាន់នាក់ គ្រាដែលនៅឆ្នាំ២០២១ របួសតែជាង៣ពាន់នាក់ទេ។ ឯកឧត្តម បន្តថា ចាប់ពីត្រីមាសទី៤ ឆ្នាំ២០២១ ចូលដល់ត្រីមាសទី១ ឆ្នាំ២០២២ អត្រាអ្នកស្លាប់ជាមធ្យមក្នុង១ថ្ងៃ មានរហូតដល់៦នាក់ និងអ្នករបួសមានជិត២០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹមយ៉ាន បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ-១៩ មានសភាពធូរស្បើយ ករណីគ្រោះថ្នាក់ចរាចរណ៍ហាក់មានសន្ទុះកើនឡើងវិញ ដោយសារចរាចរមមាញឹក។ ខណៈផ្លូវថ្នល់កាន់តែមានការពង្រីក កាន់តែស្អាត ផ្លូវទូលាយ ទិសចរាចរណ៍ផ្សេងគ្នា ចែកដាច់ពីគ្នា របៀបជាផ្លូវហាយវេ ប៉ុន្តែស្មារតីនៃការបើកបររបស់ប្រជាពលរដ្ឋមិនមានការជឿនលឿន ដូចផ្លូវនោះទេ ដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តមានច្រើន។ ឯកឧត្តម បានឲ្យដឹងថា មានរាជធានីខេត្ត ចំនួន៥ ដែលត្រូវពិនិត្យឡើងវិញ ហើយកែប្រែវិធានការដើម្បីទប់ស្កាត់។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រចេះ កំពង់ចាម និងខេត្តសៀមរាប ហើយខេត្តតិចណាស់ ដែលកាត់បន្ថយបានការស្លាប់ និងរបួស។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានមានប្រសាសន៍សង្កត់ធ្ងន់ថា បើចង់ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍បាន ត្រូវអនុវត្តវិធានការចំនួន៣៖
ទី១-រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ហើយត្រូវតែធ្វើឲ្យមានប្រសិទ្ធភាព,
ទី២-ត្រូវចាប់មុខសញ្ញាដែលគេចខ្លួនឲ្យបាន ដោយការព្យាយាមតាមរកចាប់ឲ្យបាន,
ទី៣-គឺវិធានការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ ៕ ប្រភព៖ អគ្គស្នងការនគរបាលជាតិ








