05/04/22 02:42 AM
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា ស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ ជួយជំរុញចរន្តទេសចរ ពីឥណ្ឌាមកកាន់កម្ពុជាបន្ថែមទៀត ព្រមទាំងស្នើពន្លឿនការរៀបចំ ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរទេសចរចូលមកកម្ពុជា។
ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ នៅទីស្ដីការក្រសួងទេសចរណ៍។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យភាគីឥណ្ឌាជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ទៅមកកម្ពុជា-ឥណ្ឌា ដើម្បីគាំទ្រដល់ការជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក ប៉ុន្តែនៅចំពោះមុខនេះគួរត្រូវចាប់ផ្តើមពីការរៀបចំមានហោះហើរមួយសប្តាហ៍ម្តងមកភ្នំពេញ ឬសៀមរាបជាមុនសិន។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានប្ដេជ្ញាថា ភាគីក្រសួងទេសចរណ៍កម្ពុជារីករាយក្នុងការផ្តល់កិច្ចសហការលើការងារនេះយ៉ាងពេញទំហឹង ទាំងកិច្ចសហប្រតិបត្តិការរៀបចំឱ្យមានការផ្លាស់ប្ដូរជើងហោះហើរ និងការតភ្ជាប់ជើងហោះហើរត្រង់។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ខូប្រាហ្កាដេ បានជម្រាបជូនថា លោកស្រីកំពុងខិតខំពិភាក្សា ក៏ដូចជាជំរុញឱ្យវិស័យឯកជនខាងភាគីឥណ្ឌារៀបចំឱ្យមាន Charter Flight ឬ Direct Flight ពីទីក្រុងណាមួយរបស់ឥណ្ឌាមកកាន់កម្ពុជា ដោយលោកស្រីបានលើកឡើងថា ពេលនេះជាពេលល្អបំផុតសម្រាប់ទេសចរឥណ្ឌាក្នុងការមកទស្សនាកម្ពុជា ខណៈកម្ពុជាមានការអភិវឌ្ឍច្រើន ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បន្ធូរបន្ថយលក្ខខណ្ឌស្ទើរទាំងអស់ពាក់ព័ន្ធនឹងរបាំងនៃការធ្វើដំណើរ។


