05/04/22 08:43 AM
បន្ទាយមានជ័យ ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងប្រតិភូអមដំណើរ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយឯកឧត្តម អោម ចន្ថា អភិបាលខេត្តស្តីទី ដោយមានការចូលរួមលោកស្រី រស់ សុផានី អភិបាលរងខេត្តមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីជូនពរ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែរនឹងមកដល់នាពេលខាងមុខ។
នាឱកាសនោះឯកឧត្តម អោម ចន្ថា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលន សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអញ្ជើញ មកសួរសុខទុក្ខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលនឹងឈានចូលនៅពេល ខាងមុខ។ ឯកឧត្តម បានបន្តថា ៖ ប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម គឺជាបងប្អូនខាងល្អ ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាប្រពៃណ៏អស់កាលដ៏យូរលង់ណាស់មកហើយ និង តែងជួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋយើងទាំងពីរធ្លាប់បានប្រកៀកស្មាប្រយុទ្ធតស៊ូប្រឆាំងនឹងពួកអាណានិគម និយម រហូតទទួលបានឯករាជ្យជូនជាតិរៀងៗខ្លួន។ ក្នុងសម័យសង្គ្រាម កម្ពុជាធ្លាប់បានជួយវៀតណាមក្នុងការ បង្រួបបង្រួមទឹកដី ឯវៀតណាមបានជួយរំដោះប្រជាជនកម្ពុជា ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត។
ប្រជាជនកម្ពុជាគ្រប់រូបចងចាំពុំភ្លេចនូវគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងសេរីភាព ជូនប្រជាជនកម្ពុជា។
ព្រមជាមួយគ្នានោះ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏ថ្លែងនូវការកោតសរសើរចំពោះខេត្តបន្ទាយមានជ័យដែលមានការអភិវឌ្ឍរីកចម្រេីនគួឲ្យកត់សំគាល។ ក្នុងនោះឯកឧត្តម ក៏ថ្លែងនូវការជូនពរដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក៏ដូចជាពលរដ្ឋនៅក្នុងខេត្ត ក្នុងឱកាសឆ្នាំថ្មីសូមទទួលបានសុខភាល្អ រស់នៅប្រកបដោយសុខុដុមរមនា ចៀសផុពីកូវីដ-១៩ និងទទួលបានការអភិវឌ្ឍទៅមុខឃាលំដាប់។
នៅក្នុងដំណើរចូលជួបសម្តែងការគួរសមនៅឯកឧត្តម ង្វៀន ថាញ់វ៉ន់ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យក៏បានជូនវត្ថុអនុស្សាវរីយ៍ ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានថតរូបអនុស្សាវរីយ៍ផងដែរ៕ អត្ថបទ រឿង ចន្ទ្រា


